(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស និងសម្ពោធទីស្នាក់ការគណបក្សឃុំ៦ នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីប្រមុខកំពូលៗរបស់ជាតិ កោតសសើរ អរគុណ ដឹងគុណដល់ជនរួមជាតិ វិស័យសាសនា វិស័យឯកជន អង្គការមហាជន សេដ្ឋកិច្ចក្រៅប្រព័ន្ធ សប្បុរសជននិងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលតែងតែគាំទ្រដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់កាល:ទេស:។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា សម្តេចតេជោ  ហ៊ុន សែន ដឹកនាំកសាងសុខសន្តិភាពពេញលេញ រក្សាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទទួលបានការកោតសសើរ វាយតម្លៃខ្ពស់ពីសាធារណៈមតិជាតិនិង​អន្តរជាតិ លើកស្ទួយបាន​កិត្តិយស កិត្យានុភាពកម្ពុជាស្មើភាព និងស្មើសិទ្ធិនូវរាល់កិច្ចការអន្តរជាតិក្នុងតំបន់ និងពិភពលោក។ បន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច សុខាភិបាល កាន់តែមានគុណភាព សុវត្ថិភាព អភិវឌ្ឍមូលធនថែទាំសុខភាព និងជីវភាពប្រជាពលរដ្ឋ​គ្រប់ៗរូប តាមរយៈសសរស្តម្ភពីរសំខាន់ៗគឺ៖ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនក្នុងអត្រាប្រមាណ៥,២%ក្នុងឆ្នាំ២០២២ ហើយនឹងកើនឡើងនៅឆ្នាំ២០២៣ក្នុងរង្វង់៥,៦%។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា ដើម្បីបន្តរក្សាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខសាន្ត សូមបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

ជាមួយវប្បធម៌ចែករំលែកក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានឧបត្ថម្ភជាថវិកាដល់ទីស្នាក់បក្សឃុំទាំង៦ ជួសជុលស្នាក់ការបក្សឃុំពីរ(គោកកឋិន- គំរូ) ឃុំរលួស នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ គ្រូពេទ្យចូលរួមបុណ្យសពអតីតមេឃុំគោកកឋិន និងថវិកា សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគដល់មនុស្សចាស់ និងអ្នកចូលរួមចំនួន១៨០០នាក់ សរុបរួមគិតជាថវិកាប្រហែល ៦៣លាន៨០០ពាន់រៀលគត់ និងប្រាក់ដុល្លា១ម៉ឺនដុល្លារ៕