(សៀមរាប)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងសួងសុខាភិបាល បានប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងមន្ទីរពេទ្យជ័យវ្ម័នទី៧ ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមអធិបតេយ្យភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ពិន ប្រាកដ អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីសុខាភិបាល មកពីខេត្តដែលទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ទីរពេទ្យជ័យវ្ម័នទី៧ ជាច្រើនចូលរួមផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា ករណីជំងឺកូវីដ-១៩មានវត្តមានលើកទី១ ក្នុងខេត្តសៀមរាបគឺ នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ គឺកើតលើឈ្មោះ ពិន ថ្ងៃមុន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ដែលគាត់បានឆ្លងពីជនជាតិ ជប៉ុនមុនគេ់បង្អស់។ ហើយថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០ រកឃើញថ្មីម្នាក់ទៀតលើឈ្មោះ ម៉ៅ ស្លាវី ភេទប្រុស អាយុ៤០ឆ្នាំ ខ្មែរអី ស្លាម ដែលគាត់បានបានទៅប្រទេសម៉ាឡេស៊ី ពេលត្រឡប់មកវិញ ក្រុមគ្រូពេទ្យបានយកសំណាកហើយពិនិត្យឃើញកូវីដ១៩តែម្តង ហើយនៅថ្ងៃបន្តបន្ទាប់បានរកឃើញរហូតតាមរយៈការតាមរកអ្នកប៉ះពាល ពលករមកពី ក្រៅប្រទេស ជាពិសេសប្រទេសថៃ ម៉ាឡេស៊ី ដែលរកឃើញមេរោគកូវីដ-១៩ ដោយធ្វើការពិនិត្យPCR Test និងRDT Test ជាសរុបចំនួនអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញទាំងពលករមកពីបរទេស និងផ្ទុះសហគមន៏ សរុបទាំងអស់ចំនួន២១,៦២៩នាក់ ស្រ្តី ១១,៦២៥នាក់ ចំនួនស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន៣២៦នាក់ ស្រ្តី១៨២នាក់។
លោកវេជ្ជបណ្ឌិត បានបន្តថា រដ្ឋបាលខេត្ត បានអោយក្រុង/ស្រុក ឃុំ/សង្កាត់សហការជាមួយថ្នាក់ដឹកនាំសុខាភិបាល ពីមន្ទីរសុខាភិបាល រហូតដល់មណ្ឌលសុខភាពបានរៀបចំមណ្ឌលចត្តាឡីស័ក កំរិត១(QC1)ចំនួន៧១មណ្ឌល កំរិត២ (QC2)មាន១២មណ្ឌល ក្នុង១២មណ្ឌលនោះមាន១១មណ្ឌល សម្រាប់ព្យាបាលជំងឺកូវីដ-១៩ស្រាល និង១មណ្ឌលទៀតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ព្យាបាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។
ចំពោះការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទូទាំងខេត្ត គិតត្រឹនថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
- ដូសទី១ ចាក់បាន ៩៩២,៨៣៤ នាក់ = ៩៧%
- ដូសទី២ ចាក់បាន ៩៥២,៤៦៩ នាក់ = ៩៦%
- ដូសទី៣ ចាក់បាន ៦៧៩,៣០៩ នាក់ = ៧១%
- ដូសទី៤ ចាក់បាន ២៩០,៨៥៩ នាក់ = ៤៣%
- ដូសទី៥ ចាក់បាន ៥៨,៨១០ នាក់ = ២០%
- ដូសទី៦ ចាក់បាន ៨,៤៩៩ នាក់ = ១៤%
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកថា សមិទ្ធផល និងវឌ្ឍនភាពជាច្រើនក្នុងវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប និងការផ្តល់សាវាតាមរយៈមាតា និងទារក កម្មវិធីអាហារូបត្ថម្ភស្រ្តី និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរាំរ៉ៃ នឹងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត។
លោកបន្តថា រាជរដ្ឋាភិបាលបានវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការកសាងថ្មី និងជួសជុលពង្រីកបន្ថែមនូវមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ផ្គត់ផ្គង់ឱសថ និងបរិក្ខារពេទ្យ មធ្យោបាយដឹកជញ្ជូន រថយន្តគិលានសង្គ្រោះ និងបណ្ដុះធនធានមនុស្សអភិវឌ្ឍសមត្ថភាពជំនាញ ការវិនិយោគទាំងនេះបាននាំផ្លូវក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរជាមួយមន្ត្រី សុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងមន្ទីរពេទ្យជ័យរ្ម័នទី៧ ដែល បានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលប្រគល់ប័ណ្ណសរសើរ នាពេលនេះ។
លោកសាស្ត្រាចារ្យក៏បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកអំពីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩នាពេលកន្លង ដែលប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង់ ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយសមិទ្ធផលគួរឲ្យកត់សម្គាល់នេះ កើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំង សរុបរបស់ជាតិនិងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ជាមេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។
លោកសាស្ត្រាចារ្យ ក៏សូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងមន្ទីរពេទ្យជ័យរ្ម័នទី៧ និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ដែលបានចូលរួមសហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាព ជាសារវ័ន្ត ទោះបីជាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និងទូទាំងប្រទេសបានរងនូវផល ប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយនេះដែរ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា សេវាសុខាភិបាលសាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវាសុខាភិបាលផងដែរ៕