(បន្ទាយមានជ័យ​)៖​ កម្លាំងមូលដ្ឋានកងរាជអាវុអហត្ថស្រុកមង្គលបូរី​ ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ដេលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ ការឃាត់ខ្លួននេះអនុវត្តតាមពាក្យបណ្តឹងរបស់ឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក​ បានឱ្យដឹងថា​ ជនសង្ស័យ​ទី១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។  ២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ ៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ ៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ វត្ថុតាង​រួមមាន ម៉ូតូចំនួន៤គ្រឿង​ កាំបិត​ចំនួ​ន៥ដើម,​ ទូរសព្ទចំនួន៣គ្រឿង។

លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ បានបញ្ជាក់ថា​ តាមការរៀបរាប់របស់ដើមបណ្តឹង​បានឱ្យដឹងថា នៅវេលាម៉ោង២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងមើលទូរសព្ទជាមួយកូននៅក្នុងផ្ទះ ក៏បានលឺសំលេងកាប់របស់អ្វីមួយនៅខាងក្រៅផ្ទះរបស់គាត់ ក្រោយមកប្រពន្ធរបស់គាត់បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះគាត់បានទៅមើល ក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន០៤នាក់មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេងនៅក្រោយផ្ទះ ក្បែរតារាងបាល់(AG Sport) ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមរត់ចេញពីតារាងបាល់ ស្ទុះមកកាប់ពួកខ្លួន​ពេលនោះពួកខ្លួនបានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះបានចូលមកកាប់ម៉ូតូរបស់ខ្លួនតែម្ដង។

ក្រោយពីឃាត់ខ្លួនសួរចម្លើយ​ ក្មេងទំនើងទាំង៤នាក់​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី​ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស ​បានឲ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ៕