(ស្វាយរៀង)៖ លោក ម៉ឹង សំផន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ក្រុមអ្នករត់ម៉ូតូឌុបចំនួន២៣០៣នាក់ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

លោក ម៉ឹង សំផន បានថ្លែងពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុមអ្នករត់ម៉ូតូឌុបទាំងអស់ សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។

លោក ម៉ឹង សំផន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម ។ល។ ទាំងនេះជាមោទនភាព របស់គណបក្ស ប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

លោកបានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត។

លោក ម៉ឹង សំផន បានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ពោលគឺផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ ហើយសូមកុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយក្តាប់តូចដែលតែងតែបំផុសបំផុលវាយប្រហារមកលើរដ្ឋាភិបាលទាំងងងឹតងងុល ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលជាអ្នកនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋមិនដែលរត់ចោលប្រជាពលរដ្ឋម្ដងណាឡើយ។

លោក ម៉ឹង សំផន ក៏បានអំពាវនាវឲ្យសមាជិក សមាជិកា និងក្រុមអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ច ជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕