(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដងទង់ក្នុងវត្តសំពៅមាសកែវមុន្នី ក្រុងសំពៅពូន ខេត្តកណ្ដាលនាចុងសប្ដាហ៍នេះ ។

ស្ថិតក្នុងឱកាសនេះដែរ ក៏មានវត្តមានលោកស្រីឧកញ៉ា ហ៊ាវ លន់ និងស្វាមី ព្រមទាំងកូនចៅទាំងអស់ និងអភុបាលក្រុងសំពៅពូន និងអ្នកចូលរួមយាងច្រើនកុះករផងដែរ។

លោកអេង សុវិចិត្ត អភិបាលក្រុងសំពៅពូនបានថ្លែងថា សមិទ្ធផលដែលបានកើតឡើងនេះពិតជាបានឆ្លុះបញ្ចាំងពីការរីកចម្រើនវិស័យពុទ្ធចក្រ ដែលពលរដ្ឋបានគោរពពហរះពុទ្ធសាសនា រស់នៅសមប្រកបដោយភាពថ្លៃថ្នូរ និងសន្តិភាព។ ហើយស្ថានភាពនៅក្រុងសំពៅពូនមានសភាពល្អប្រសើរ ប្រជាជនរស់នៅ ប្របអាជីវកម្ម ការងារបានយ៉ាងរលូនល្អ ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា ក្រោមម្លប់ន្តិភាពដឹកនាំដោយសម្ដេចតេជោហ៊ុន សែន វិស័យសាសនានៅកម្ពុជាមានសុខដុមនីយកម្មជាមួយគ្នាបានល្អណាស់ មិនថាព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនានោះទេ ពោលគឺរស់នៅប្រកបដោយសន្តិភាព គោរពប្រណិបត្តិបានយ៉ាងពេញលេញ គ្មានការគៀបសង្កត់អ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការរីកចម្រើននៅតាមទីវត្តអារាម ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការរីចម្រើនទាំងវិស័យសេដ្ឋកិច្ច ដែលជាចលករនាំឲ្យកើតមានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។

លោកបណ្ឌិតថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនគួរជាទីមោទន ដោយបានបង្កើតឲ្យមានសុខសន្តិភាព កត្តាន្តិភាពនេះហើយ ដែលជាត្រីមុខនាំឲ្យមានឱកាសដល់ការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្នុងនោះដែរពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ សម្បូរសប្បាយ រុងរឿង និងរីករាយជារៀងរហូត។ ដូច្នេះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កំភ្លេចនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីការរីកចម្រើន សន្តិភាព និងអភិវឌ្ឍន៍ទៅមុខជានិរន្តិ៍៕