(ត្បូងឃ្មុំ)៖ ប្រធានគណៈកម្មាធិការបក្សស្រុកពញាក្រែក នាព្រឹកថ្ងៃទី១៨ ខែមថុនា ឆ្នាំ២០២៣បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមលក្ខណៈសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅស្នាក់ការគណបក្សប្រជាជនស្រុកពញាក្រែក។
យុទ្ធនាការឃោសនាបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះដែលមានរយៈពេល២១ថ្ងៃ។
ក្នុងរយៈពេលនោះគណៈកម្មការគណបក្សខេត្តត្បូងឃ្មុំបានកំណត់ឱ្យមានការហែរក្បួនយុទ្ធនាការឃោសនាចំនួន៤លើកក្នុងនោះកម្រិតថ្នាក់ខេត្តពីរលើក និងថ្នាក់ស្រុកពីរលើក។
ថ្លែងក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះ គឺជាការទាញអារម្មណ៍ដល់សមាជិកសមាជិកាគណបក្សប្រជាជន និងបក្សដទៃទៀតឱ្យយល់ដឹងថា ការបោះឆ្នោតនឹងជិតចូលមកដល់ដើម្បីឱ្យពួកគាត់ត្រៀមនូវឯកសារផ្សេងៗមានអត្តសញ្ញាណប័ណ្ណជាដើម និងប្រមូលនិងប្រាប់កូនចៅក្រុមគ្រួសារឱ្យត្រៀមខ្លួនដើម្បីទៅបោះឆ្នោត នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ ដោយគូសឱ្យចំទីតាំងដែលមានក្នុងសន្លឹកឆ្នោតដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី និងដឹកនាំប្រទេសសម្រាប់បន្តការអភិវឌ្ឍសង្គមជាតិ និងបន្តថែរក្សាការពារនូវសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ។
លោក វង សូត ក៏បានរំលឹកបន្ថែមឱ្យគណៈកម្មាធិការបក្សមូលដ្ឋានឃុំ ស្រុក ខេត្ត ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកពញាក្រែកសូមជួយណែនាំ និងបណ្តុះបណ្តាលដល់ភ្នាក់ងារគណបក្សប្រជាជនយើងឱ្យយល់ដឹងអំពីច្បាប់នានា ក៏ដូចជាច្បាប់ថ្មីទាំងឡាយណាដែលទាក់ទងនឹងការបោះឆ្នោតនៅមុនការបោះឆ្នោតមកដល់។
លោកសូមពង្រឹងការទទួលខុសត្រូវតាមអ្វីដែលផែនការយើងបានកំណត់ ដោយខិតខំប្រឹងប្រែង រំលឹកដាស់តឿនក្រុមការងារទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានក៏ដូចជាមន្ត្រីសមាជិកបក្សប្រជាជនកម្ពុជាយើងទាំងអត់ឱ្យសម្រេចបានជោគជ័យក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត។
នៅក្នុងឱកាសនោះដែរ ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានឃុំទាំង៨ ក្នុងស្រុកពញាក្រែក ពិសេសប្រធានគណៈកម្មការធិការបក្សស្រុកពញាក្រែក លោក លី សុភាលីន ឱ្យដឹងថានៅមុនដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគឺបានធ្វើការជួបជុំ និងការចុះជួបជាមួយសមាជិកនិងជូនរបស់កំដរដៃឱ្យបានទាំងអស់គ្នាដោយបន្តធ្វើរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
លោក លី សុភាលីន បន្តថា សម្រាប់គណៈកម្មាធិការបក្សស្រុកពញាក្រែកបានត្រៀមរួចជាស្រេចហើយដែរសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះយុទ្ធនាការឃោសនាបោះឆ្នោតមានចំនួន៤ លើកគឺនៅថ្នាក់ខេត្តពីរលើកនិងថ្នាក់ស្រុកពីរ៕