(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំ ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទក្នុងខេត្ត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណជិត ៥ពាន់នាក់ មកពី ៣សង្កាត់ រួមមាន សង្កាត់ព្រែកត្នោត, សង្កាត់កោះតូច និងសង្កាត់បឹងទូក នៃក្រុងបូកគោ។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តធ្វើឡើង នៅក្នុងបរិវេណវត្តព្រែកអំពិល ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។

នាឱកាសសំណេះសំណាលនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន ក៏បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ និងអ្នកមានតួនាទីដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យ ត្រូវបម្រើពលរដ្ឋ ត្រូវមានមនសិការ ឆន្ទៈ និងត្រូវដាក់បេះដូងឱ្យនៅជាមួយប្រជាពលរដ្ឋ។ ហើយប្រសិនបើរាល់អ្នកមានតួនាទីបម្រើពលរដ្ឋ បានប្រព្រឹត្តិកំហុសឆ្គង និងបំរើប្រជាពលរដ្ឋមិនបានល្អនោះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានបន្តថា ការដែលរាជរដ្ឋាភិបាលផ្តល់ឲ្យនូវតួនាទី ហើយបានចូលបម្រើការងារនេះ គឺឲ្យមកបំរើពលរដ្ឋ មិនមែនឲ្យតួនាទីមកដើម្បីធ្វើអំពើមិនត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត រស់នៅពុំមានក្តីសុខសាន្តនោះទេ។ ហើយគ្រប់ផ្នែកជំនាញទាំងអស់ លោកអភិបាលខេត្ត នឹងប្រើប្រាស់ឋានានុក្រមចំនួនពីរដើម្បីគ្រប់គ្រង រួមមាន ឋានានុក្រមទី១ គឺច្បាប់ និងឋានានុក្រមទី២ គឺឋានានុក្រមគ្រួសារ។ រាល់បុគ្គលដែលមានតួនាទីណាធ្វើខុសច្បាប់ ត្រូវទទួលទោសតាមច្បាប់ បុគ្គលណាយកតួនាទីរដ្ឋមិនបម្រើពលរដ្ឋពិតប្រាកដ ហើយពលរដ្ឋប្តឹង នោះនឹងត្រូវអនុវត្តន៍តាមវិធានការច្បាប់។

លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ កុំចង់បានអ្វីដែលមិនមែនជារបស់យើង កុំធ្វើអំពើណាដែលខុសនឹងច្បាប់ ព្រោះបច្ចុប្បន្ននេះ ប្រទេសជាតិយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាព ហើយការប្រព្រឹត្តអំពើ ឬធ្វើការអ្វីមួយគឺស្ថិតនៅក្រោមច្បាប់ជាអ្នកគ្រប់គ្រង។

បន្ទាប់ពីជួបសំណេះសំណាលជាមួយពលរដ្ឋក្រុងបូកគោរួចមក លោកអភិបាលខេត្ត ក៏បានបន្តចុះទៅសាកសួរសុខទុក្ខអាជីវករផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ និងទទួលយកនូវសំណូមពរ ក៏ដូចជាតម្រូវការមួយចំនួនពីអាជីវករផងដែរ។ ក្រោយពីទទួលបានសំណូមពរពីការបង់ថ្លៃភ្លើងសម្រាប់បំភ្លឺទីធ្លាសារធារណៈជុំវិញផ្សារ ដែលអាជីវករត្រូវចំណាយជាប្រចាំខែ លោកអភិបាលខេត្ត បានសម្រេចចេញបង់ថ្លៃភ្លើងនេះ ជូនអាជីវករជារៀងរាល់ខែ ចាប់ពីខែមិថុនានេះតទៅ៕