(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សមូលដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សរបស់ខ្លួន ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាននៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងមានសមាជិកសមាជិកា ចូលរួមសរុបចំនួន២៤០ នាក់។
ការរៀបចំពិធីសំណេះសំណាលនេះ គឺដើម្បីពង្រឹងគោលជំហរ ស្មារតី សតិអារម្មណ៍ និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្ស ឲ្យបន្តខិតខំអនុវត្តការងារ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងជាពិសេសការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានរំលឹកជម្រាបជូនសមាជិក សមាជិកាអំពីរចនាសម្ព័ន្ធ និងប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងចាប់តាំងពីឆ្នាំ១៩៥១ ដែលបានធ្វើការតស៊ូ ដណ្តើមឯករាជ្យជាតិ និងតស៊ូរំដោះជាតិ និងប្រជាជន ដោយបានឆ្លងកាត់ជាច្រើនដំណាក់កាល ពិសេសដំណាក់កាលរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណាក់កាលកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
លោកបណ្ឌិត ក៏បានរំលឹកពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសគោលនយោបាយ ឈ្នះ-ឈ្នះ ដែលកសាងបាននូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ ដែលជាកត្តាសំខាន់បំផុតក្នុងការកសាងអភិវឌ្ឍន៍ជាតិបានរីកចម្រើន ប្រជាជនរស់នៅដោយសុខដុមរម្យនា និងមានភាពសម្បូរសម្បាយរុងរឿង។
បន្ថែមលើនេះ លោកក៏បានរំលឹកអំពីជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសសើរ ព្រមទាំងផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងប្រជាពលរដ្ឋនៅទូទាំងពិភពលោក ហើយព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីមោទនភាពជាតិខ្មែរ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានស្នើដល់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តធ្វើអំពើល្អ និងត្រៀមកល្ខណៈសម្បត្តិដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាកុំបីខាន នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕