(ព្រៃវែង)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានលើកឡើងថា «ពេលសប្បាយបងប្អូនមិនបាច់នឹកដល់គណបក្សប្រជាជនកម្ពុជាក៏បាន ប៉ុន្តែពេលមានទុក្ខ សូមជឿជាក់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយបងប្អូនជានិច្ច»

នេះជាការលើកឡើងលោក ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថ និងអប់រំសុខភាពជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា ព្រែកសំបួរ ភូមិព្រែកសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថា «សិទ្ធិនៃការបោះឆ្នោតជ្រើសរើសគណបក្សណា ជាសិទ្ធិរបស់បងប្អូន ប៉ុន្តែសូមគិតដល់ចំណុចមួយ ក្នុងរយៈពេល៣៦៥ថ្ងៃ តើមានគណបក្សណា ឬយន្តការណាផ្សេង ដែលតែងនៅជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ»

គួរបញ្ជាក់ថា កម្មវិធីនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ប្រតិភូអមដំណើរ យុវជនស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបប្រមាណ ៨៣៩នាក់ ជាមួយនឹងវត្តមានប្រជាពលរដ្ឋប្រមាណជា ៦០០០-១០០០០នាក់ ដែលបានអញ្ជើញទៅទទួលយកការពិនិត្យ និងព្យាបាលជំងឺនាឱកាសនេះ៕