(កំពង់ស្ពឺ)៖ អ្នកទោសម្នាក់បានរអិលដួលក្នុងបន្ទប់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបាត់បង់ជីវិត បើទោះបីមន្ដ្រីអនុរក្សពន្ធនាគារខិតខំស្វះស្វែងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះយ៉ាងណាក្ដី។
អ្នកទោសម្នាក់នេះឈ្មោះ មន មឿន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទីលំនៅមុនពេលឃុំខ្លួនភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ជាជនជាប់ចោទត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធពីបទរំលោភ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
តាមការពិនិត្យសាកសព និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លាភ សោភណ្ឌ គ្រូពេទ្យកោសល្យវិច្ច័យខេត្តកំពង់ស្ពឺ បានលើកឡើងថា សពស្លាប់ដោយគាំងបេះដូង។ សពត្រូវការ អនុញ្ញាតពីតំណាងអយ្យការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យរួចហើយ។
លោក ទិន សុវណ្ណនី ប្រធានពន្ធនាគារ បានឲ្យដឹងថា កន្លងទៅករណីនេះត្រូវបានគេប្រឌិតថា សពស្លាប់នៅពេលសមត្ថកិច្ចសាកសួរ និងធ្វេីទារុណកម្មដោយអំពេីហិង្សា តែតាមការពិតគ្រប់អ្នកទោសដែលជាប់ពន្ធនាគារមិនត្រូវបានវាយ ឬធ្វើទារុណកម្មនោះទេ កុំថាឡើយទោសស្រាល និងធ្ងន់ក្តី។ ដោយឡែកប្រភពព័ត៌មានខ្លះមិនច្បាស់លាស់ បែរជាផ្សព្វផ្សាយ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរចំពោះសមត្ថកិច្ច៕