(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រោះថាការបរិច្ចាគនាពេលបច្ចុប្បន្ននៅកម្ពុជា មិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពោលខ្វះដល់ទៅ ៤០ភាគរយ។
ថ្លែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ វិស័យរដ្ឋនិងឯកជន ព្រមទាំងសប្បុរសជននានា ដែលតែងតែបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស។
ដោយមើលឃើញពីការខ្វះខាត និងតម្រូវការឈាមជាច្រើនសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងតែត្រូវការឈាម ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំយុទ្ធនាការបរិច្ចាគឈាម «GC Blood Donation» ជាលើកទី៣ នៅអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
«យើងខ្ញុំទទួលការបរិច្ចាគឈាមជារៀងរាល់ថ្ងៃ។ យើងស្វាគមន៍ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់អស់លោកលោកស្រី»។ នេះបើតាមលោកវេជ្ជបណ្ឌិត ខៃ សុខហេង ថ្លែងពេលទទួលអំណោយឈាម។
ក្នុងទិវាបរិច្ចាគឈាមពិភពលោក, លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ ២០២២ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានតែ ០,៦២ ភាគរយ ប្រៀបធៀបនឹងប្រជាជនសរុបប្រមាណ ១៧លាននាក់ក្នុងប្រទេសកម្ពុជា។ កម្ពុជាត្រូវការឈាម ១សាក់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។
លោកបានថ្លែងថា បើតាមស្តង់ដារបស់អង្គការសុខភាពពិភពលោក ត្រូវតែមានប្រជាពលរដ្ឋស្មើនឹង ១ ភាគរយនៃប្រជាពលរដ្ឋសរុបបរិច្ចាគឈាម មានន័យថា ១៧ លាននាក់ ទាល់តែមានអ្នកចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ១ សែន ៧ ម៉ឺននាក់ ទើបការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ប៉ុន្តែស្ថានភាពបច្ចុប្បន្នមានតែ ០,៦២ ភាគរយ។ ឃើញថា កម្ពុជានៅមានខ្វះចន្លោះខ្លាំង នៅខ្វះជាង ៤០ ភាគរយទៀត ដើម្បីឱ្យមានឈាមគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់នៅទូទាំងប្រទេស។
លោក ម៉ៃឃឺ ធី នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានឲ្យដឹងថា ក្នុងយុទ្ធនាការបរិច្ចាគឈាម របស់ GC Life មានការចូលរួមពីដៃគូសហការរបស់ក្រុមហ៊ុនដូចជាសាលារៀន អារីហ្សូន (Arizon School) សាលាអន្តរជាតិ ហ្គ្រេនម៉ោន (Grand Mount International School) និងធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) ដែលបានញុំាងឲ្យយុទ្ធនាការបរិច្ចាគឈាមនេះកាន់តែទទួលបានការស្ម័គ្រចិត្តចូលរួមកាន់តែច្រើនពីសាធារណៈជន។
យុទ្ធនាការបរិច្ចាគឈាមនេះជាផ្នែកមួយនៃការងារសង្គមរបស់ក្រុមហ៊ុន GC Life ដោយផ្អែកលើចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងការលើកទឹកចិត្ត និងធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង៕