(កណ្ដាល)៖ នាយឧត្តមសនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធិផលនានា នៅវត្តទួលសាលា ឃុំអន្លង់មៀត និងសំណោះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងរបាយកាណ៍របស់លោក អ៊ុច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា សមិទ្ធផល ក្នុងវត្តទួលសាលា ឃុំអន្លង់មៀត ដែលត្រូវបើកសម្ពោធដាក់ប្រេីប្រាស់ នាពេលនេះ រួមមាន៖ សាលាធម្មសភា ដែលទទឹង២៥ម៉ែត្រ បណ្តោយ៤៤ម៉ែត្រ, មន្ទីរចូលបច្ច័យចំនួន១ខ្នង, ចាក់សាបក្នុងបរិវេណវត្ត និងធ្វើផ្លូវបេតុងអាមេក្នុងទីធ្លាវត្ត, របងជុំវិញសាលាបឋមសិក្សាទួលសាលា, សាលារៀនវត្តទួលសាលាចំនួន ៤ ខ្នង, បងជុំវិញវត្តទួលសាល និង ព្រះវិហារវត្តទួលសាលា ដោយចំណាយអស់ថវិកា ចំនួន ១លាន ៨ម៉ឺន ១ពាន់ ១៦៨ដុល្លាអាមេរិក។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ សិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញនៅក្រោយការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍខ្លួន និងកសាងជីវភាពទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ដោយមានការបង្កលក្ខណៈ និងការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជាប់ជាប្រចាំ។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ ដែលជាកម្លាំងចលករដ៏មុតស្រួច។ ក្នុងន័យនេះ ក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងបន្ថែមទៀត តាមរយៈការយកចិត្តទុកដាក់កសាង សមិទ្ធផលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ អភិវឌ្ឍន៍ជាតិ និងផែនការសកម្មភាពផ្សេងៗ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ប្រទេស កម្ពុជា ហើយជាពិសេសនៅគ្រប់ការលំបាក សម្តេចតេជោគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណានោះទេ។ ដើម្បីរក្សាសន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជា យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាបន្តទៅទៀត កុំជឿការញ៉ូសញ៉ុងរបស់ពួកជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា និងសូមអញ្ជើញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាទាំងអស់គ្នា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនដល់វត្ត ទួលសាលា មានទ័យទាន គ្រឿងឧបភោគបរិភោគ និងថវិកា ៥ពាន់ដុល្លាអាមេរិក, ព្រមទាំងបានចែកជូនតាជីយាយជី មន្ត្រីក្រុមប្រឹក្សាអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជាច្រើនទៀតផងដែរ៕