(ភ្នំពេញ)៖ «ការផ្តល់ដីនៅតំបន់ទន្លេសាបដល់ក្រុមហ៊ុនផ្សេងៗ ដើម្បីវិនិយោគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឈប់ផ្តល់ឲ្យចាប់ពីពេលនេះតទៅ ហើយត្រូវទុកដីធ្លី ទាំងនោះឲ្យប្រជាពលរដ្ឋយើងធ្វើស្រែវិញ» នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើ Facebook សម្តេចនាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបញ្ឈប់ការផ្តល់ដីនៅតំបន់ទន្លេសាបនេះ ធ្វើឡើងនៅពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកំពង់ធំ បន្ទាប់ពីសម្តេចបានចាកចេញពីខេត្តសៀមរាប បន្តដំណើរមកកាន់ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។ សម្តេចតេជោ ក៏បានកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងបានរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តកំពង់ធំនេះឲ្យកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖
កាលពីព្រឹកមិញបន្ទាប់ពីបានចុះសួរសុខទុក្ខជាមួយបងប្អូនអាជីវករផ្សារស្ទឹងសែន (ហៅផ្សារចាស់) នៅទីរួមខេត្តកំពង់ធំរួចមក ខ្ញុំបានមកជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ធំជាបន្តទៀត មុនវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញកាលពីរសៀលនេះ។
ខេត្តកំពង់ធំក៏ជាអតីតសមរភូមិក្តៅកាលពីជំនាន់សង្គ្រាមស៊ីវិល ដែលផ្លូវថ្នល់ និងស្ពានមួយភាគធំត្រូវបានបំផ្លាញដោយគ្រាប់មីនតែពេលនេះ ខេត្តកំពង់ធំ កំពុងរីកលូតលាស់ជាបន្តបន្ទាប់។ ផ្លូវថ្នល់ និងស្ពានតូចធំត្រូវបានជួសជុល និងកសាងថ្មីឡើងវិញដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាណិជ្ជករ និងទេសចរណ៍ជាតិ និងអន្តរជាតិ។ សព្វថ្ងៃនេះយើងសង្កេតឃើញមានរថយន្តដឹកទំនិញ តូចធំ គ្រប់ប្រភេទនិងរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ ជាច្រើនខ្សែធ្វើដំណើរកាត់តាមខេត្តកំពង់ធំ។
ទន្ទឹមនឹងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋជាតិ សូមបងប្អូនមន្ត្រីរាជការប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយក្នុងការផ្តល់នូវសេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការចាំបាច់នានាដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៌ពិពាហ៌ និងសំបុត្រកំណើតជាដើម…។ល។ ត្រូវតាំងចិត្តខិតខំកែលម្អភាព អសកម្មនានា និងចូលរួមកសាងអំពើល្អអោយបានច្រើននៅក្នុងសង្គម ដោយចាប់ផ្តើមពីខ្លួនយើងមុនគេ និងជាមួយប្រជាពលរដ្ឋ ព្រមទាំងបុគ្គលិកនៅជុំវិញខ្លួនយើង រហូតដល់ស្រុក ឃុំ និងភូមិជាដើម។
កាលពីព្រឹកមិញនេះដែរ ខ្ញុំបានឆ្លើយបំភ្លឺនិងដោះស្រាយបញ្ជាក់ជូនអាជីវករលក់ដូរអំពីអាណត្តិផ្សារស្ទឹងសែន (អតីតផ្សារចាស់នៃទីរួមខេត្តកំពង់ធំ) ពីព្រោះបងប្អូនមួយចំនួនទទួលព័ត៌មានមិនច្បាស់។ ចាប់ពីពេលនេះទៅផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរនៅទីនេះអស់មួយជីវិត។ រីឯការផ្តល់ដីនៅតំបន់ទន្លេសាបដល់ក្រុមហ៊ុនផ្សេងៗដើម្បីវិនិយោគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឈប់ផ្តល់ឲ្យចាប់ពីពេលនេះតទៅ ហើយត្រូវទុកដីធ្លីទាំងនោះអោយប្រជាពលរដ្ឋយើងធ្វើស្រែវិញ។
ជាមួយគ្នានេះដែរ ខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងបានរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តកំពង់ធំនេះអោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំសូមជូនពរបងប្អូនមន្ត្រីរាជការជួបប្រទះតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕