(កំពង់ចាម)៖ គុណសម្បត្តិដឹកនាំ និងសមិទ្ធផលដ៏មហាសាលក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ ស្រឡាញ់ចូលចិត្ត និងបានចូលរួម​ធ្វើ​សកម្មភាពនយោបាយ ដើម្បីបក្សទទួលបានការគាំទ្រកាន់តែខ្លាំងក្លាថែមទៀត។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាស្រុក​បា​ធាយ ខេត្តកំពង់ចាម បានរៀបចំបញ្ចូលសមាជិក សមាជិកាថ្មី នៅក្នុងឃុំបាធាយ​ចំនួន ១,៩២៦នាក់ទៀត។ តាមរយៈសមាជិកថ្មីជិត ២ពាន់នាក់នេះ ធ្វើឱ្យគណបក្ស​ប្រជាជន​កម្ពុជា ក្នុងឃុំបាធាយ ស្រុកបាធាយ មានភាពរឹងមាំកាន់តែខ្លាំងឡើង។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីក្នុងឃុំបាធាយ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរពីសុខទុក្ខ​របស់ប្រជាពលរដ្ឋ។

លោកប្រធានក្រុមការងារ បានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការសម្រេច​ចិត្តក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំងអស់គ្នានាថ្ងៃនេះនិងបានថ្លែងថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ គឺជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដែលបងប្អូនបានមើលឃើញពីពលីកម្ម​មិនគិត​ពី​អាយុជីវិត​ផ្ទាល់​ខ្លួន ជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា គឺជាគណ​បក្ស​ធំ និងចំណាស់ជាងគេនៅកម្ពុជា ដែលមានអាយុរហូតដល់ ៧២ឆ្នាំ បើគិតមក​ដល់​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា, មានឧត្តមគតិស្នេហាជាតិ មានគោលនយោ​បាយ​​ច្បាស់លាស់ ដោយប្រតិបត្តិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាម​គោល​ការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើត​ឡើង​ដោយប្រជាជន និងដើម្បីប្រជាជន» ព្រមទាំងបានអនុវត្តកម្មវិធីនយោបាយ​របស់ គណបក្សបានយ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិមាតុភូមិ តួយ៉ាង ដូចជា ការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់​វិស័័យ ធ្វើឱ្យកិត្យានុភាពកម្ពុជាស្មើមុខមាត់ ល្បីរន្ទឺពេញពិភពលោក តាមរយៈភាពជោគ​ជ័យ​លេចធ្លោរបស់កម្ពុជា រួមមានជាអាទិ៍ ភាពជោគជ័យនៃការប្រយុទ្ធ​ឈ្នះជំងឺ​កូវីដ​-១៩ និងការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយជំងឺកូវីដ-១៩ ដែលនាំ​សង្គមជាតិមកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ, ជោគជ័យដ៏ត្រចះត្រចង់​ក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរ​សង្ក្រាន្ត​នៅទូទាំងប្រទេស, ជោគជ័យជាប្រវត្តិសាស្រ្តក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន លើកទី​១២ ឆ្នាំ២០២៣ ដោយទទួលបានមេដាយជាច្រើនពុំធ្លាប់មាន និងការរក្សារបាននូវលំ​នឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាការទប់ទល់បញ្ហាប្រឈមដទៃទៀត​ដែល​បង្កដោយវិបត្តិសកលនៃការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្ត​នយោបាយ និងការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន។ល។

ប្រធានក្រុមការងារ បន្តថា ជោគជ័យទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងលះ​បង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងក្នុងស្មារតីតម្កល់ផលប្រយោជន៍គណបក្ស និងជាតិជាធំ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសក្រោមការ​ចង្អុល​បង្ហាញ​ពីអគ្គមគ្គុទេសដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលតែង​​តែយកចិត្តទុកដាក់លើសុខទុក្ខរបស់សមាជិក សមាជិកាទាំងអស់ផ្ដល់ការបណ្តុះ​បណ្តាល​​ធនធានយុវជនជំនាន់ក្រោយ និងបណ្តុះទឹកចិត្តឱ្យមានស្មារតីស្នេហាជាតិ ស្រលាញ់សន្តិភាព និងមានឆន្ទៈកសាងប្រទេសជាតិពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់សមាជិកថ្មីចំនួន ១,៩២៦នាក់ ដែលទើបធ្វើពិធីបញ្ចូលថ្មីនេះ សូមយកចិត្តទុកដាក់ស្វែងយល់​ពីភារកិច្ច​របស់សមាជិកគណបក្ស ដែលមាត្រាទី៧ ជំពូកទី៣ នៃលក្ខន្តិកៈគណបក្សប្រជាជន​កម្ពុជា​បានកំណត់ច្បាស់ មានភារកិច្ច៤ ត្រូវអនុវត្ត គឺ៖ ១- ត្រូវខិតខំប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស, ២- ធ្វើជាប្រជាជនល្អ ជាសមាជិក សមាជិកាល្អរបស់គណបក្ស និងឃោសនាផ្សព្វផ្សាយពីកម្មវិធីគោល​នយោ​បាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន (ប្រជាជនល្អ ពលរដ្ឋល្អ គឺធ្វើជាគំរូក្នុងការ​គោ​រពច្បាប់ និងមិនប្រព្រឹត្តរាល់អំពើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ ពោល គឺមិន​ត្រូវ​ល្មើសច្បាប់ដាច់ខាត), ៣- ថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ជានិច្ចកាលជួយគ្នា​ទៅវិញទៅមកដើម្បីការរីកចម្រើន, និង៤- ត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធ៌មដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ ភារកិច្ចទាំង ៤នេះ ជាភារកិច្ច សមាជិកគណបក្សត្រូវរួមគ្នាអនុវត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា ដើម្បីសង្គមកម្ពុជា និងដើម្បីឱ្យក្លាយពលរដ្ឋល្អ គ្រប់ៗគ្នា។

លោកប្រធានក្រុមការងារ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេច​តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់​ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់សម្តេច​តេ​ជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ ព្រោះថាបើគ្មានសន្តិភាពទេ​នោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូល​រួមក្នុងការការពារសន្តិភាព ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូល​រួម​បោះ​ឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយ​ត្រូវ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូប​សញ្ញា​ទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើន​បន្តទៀត។

សូមជម្រាបជូនថា ក្នុងកម្មវិធីបញ្ជូលសមាជិកថ្មីនេះ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុម​ការងារ បានឧបត្ថម្ភថវិកាមួយចំនួនជូនសមា​ជិក​-សមាជិក​គណបក្ស​ឃុំបាធាយ​ដែល​ទើបបានបញ្ចូលថ្មី ចំនួន ១,៩២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, អចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក យុវជនបក្សស្រុក ប្រធានគណៈ​កម្មាធិការគណបក្សឃុំ ចំនួន ៣៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កង​កម្លាំង​ទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល៕