(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៩» នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក និងដោយមានអ្នកចូលរួមប្រមាណជាង ៧០០នាក់។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីលោក ជា កុសល រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រីបណ្ឌិត Devyan Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមយុវជនជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះ លោក ជា កុសល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា ជាពិសេសស្ថានទូតនៃប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការស្អិតរមួតនាពេលកន្លងមក និងជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយទេសចរណ៍រួមគ្នា ពិសេសសម្រាប់ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មក។
លោក ជា កុសល បានឱ្យដឹងដែរថា យោគៈ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកហាត់គ្រប់វ័យ ហើយវាគឺជាផ្នែកមួយនៃការធានារ៉ាប់រងសុខភាព! ការមានសុខភាពផ្លូវចិត្ត និងផ្លូវកាយដ៏ល្អ ប្រសើរ គឺមានសារៈសំខាន់សម្រាប់សន្តិភាព និងសុខដុមរមនាក្នុងខ្លួន សម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រួសារ សហគមន៍ និងសង្គម។
លោក ជា កុសល បានបន្ថែមថា យោគៈត្រូវបានស្វាគមន៍ និងអនុវត្តនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ហើយលោកជឿជាក់យ៉ាងមុតមាំថា លើសពីអត្ថប្រយោជន៍សុខភាពសម្រាប់មនុស្សជាតិ យោគៈមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា- ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញព្រឹត្តិការណ៍ និងសកម្មភាពទេសចរណ៍ ទាក់ទាញ ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ មកកម្ពុជានាពេលខាងមុខផងដែរ។ លោកក៏បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រនិងអរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌ សម្រាប់ព្រឹត្តិការណ៍នេះប្រកបដោយផ្លែផ្កា និងជោគជ័យនេះ។
លោក សុខ សប្បាយណា ក៏បានថ្លែងអបអរសាទរសម្រាប់ទិវាយោគៈអន្តរជាតិលើកទី៩នេះ និងជាការចូលរួមចំណែកជួយឱ្យយុវជន ក្នុងការហ្វឹកហាត់ជាប្រចាំ ទាំងនៅគេហដ្ឋានដោយផ្ទាល់ ឬនៅតាមបណ្តាក្លិបហាត់ប្រាណនានា ព្រមទាំងទទួលបានការចាប់អារម្មណ៍ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកន្លងមក។ ក្រសួងអប់រំ តែងតែបានយកចិត្តទុកដាក់ចំពោះសកម្មភាពនានា ដែលជួយជំរុញដល់ការលើកកម្ពស់វិស័យកីឡា និងជាពិសេសសុខមាលភាពរបស់ប្រជាពណលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។
ជាមួយគ្នានោះលោកស្រីបណ្ឌិត Devyan Khobragade ក៏បានថ្លែងដែរថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ បានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយ។ យោគៈ ជាសិល្បៈ ដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិ និងការដឹងជាសកល។ លោកស្រីបណ្ឌិត ក៏បានថ្លែងអរគុណដល់ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នជាច្រើនផ្សេងទៀត ដែលបានគាំទ្រនិងជួយឱ្យទិវាយោគៈអន្តរជាតិលើកទី៩ នេះអាចធ្វើទៅបានប្រកបដោយភាពជោគជ័យផងដែរ៕