(ព្រះសីហនុ)៖ ក្មេងទំនើង១២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពវាយតប និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចមុខកាស៉ីណូយ៉ាព័រ ស្ថិតក្នុងក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃកើតហេតុ មានជនសង្ស័យចំនួនប្រហែល៣០នាក់ មានជនសង្ស័យខ្លះកាន់មួកសុវត្ថិភាព, ខ្សែក្រវាត់, ដំបងឈេី និងដាវកែឆ្នៃ ព្រួតគ្នាវាយទៅលេីក្រុមជនរងគ្រោះមានគ្នា៧នាក់ (ប្រុស៣ និងស្រី៤នាក់) បណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ទទួលមរណភាពនៅមន្ទីរពេទ្យព្រះកុសុមៈ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បើកការស្រាវជ្រាវបន្ទាន់ និងឈានដល់កំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័ុយចំនួន១២នាក់ មកធ្វើការសួរនាំ។ បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនិតិវិធី។ ចំណែកបក្សពួកដែលនៅសេសសល់កំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវចាត់ការបន្តតាមជំនាញ៕