(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយបំភ្លឺជូនអាជីវករលក់ដូរនៅផ្សារស្ទឹងសែន (អតីតផ្សារចាស់នៃទីរួមខេត្តកំពង់ធំ) ឲ្យដឹងថា ចាប់ពីពេលនេះតទៅ ផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរនៅទីនេះអស់មួយជីវិត គ្មានអាណត្តិដោះដូរនោះទេ នេះបើយោងតាម Facebook សម្តេចតេជោ ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីព្រឹកមិញនេះដែរ ខ្ញុំបានឆ្លើយបំភ្លឺនិងដោះស្រាយបញ្ជាក់ជូនអាជីវករលក់ដូរ អំពីអាណត្តិ ផ្សារស្ទឹងសែន (អតីតផ្សារចាស់នៃទីរួមខេត្តកំពង់ធំ) ពីព្រោះបងប្អូនមួយចំនួនទទួលព័ត៌មានមិនច្បាស់។ ចាប់ពីពេលនេះទៅផ្សារនេះនឹងផ្តល់ជូនបងប្អូន អាជីវករលក់ដូរ នៅទីនេះអស់មួយជីវិត»។
ការបំភ្លឺជូនអាជីវករផ្សារពីសំណាក់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីសម្តេចបានចាកចេញ ពីខេត្តសៀមរាប បន្តដំណើរមកកាន់ខេត្តកំពង់ធំ ហើយបានចុះសួរសុខទុក្ខជាមួយបងប្អូន អាជីវករផ្សារស្ទឹងសែន (ហៅផ្សារចាស់) នៅទីរួមខេត្តកំពង់ធំ បន្ទាប់មកសម្តេច បានអញ្ជើញចូលជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ធំជាបន្តទៀត មុនវិលត្រឡប់មកកាន់ ទីក្រុងភ្នំពេញនៅពីរសៀលថ្ងៃនេះ៕