(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅសណ្ឋាគារហ្សឺចៃជីង មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ មានករណីជនជាតិចិនមួយក្រុមមានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាពដោយប្រើកាំបិត កាប់ទៅលើបុរសជនជាតិចិន៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យចិន ថៃខាង។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអះអាងថា ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ ដោយម្នាក់រងរបួសផ្នែកក្បាលធ្ងន់ធ្ងរជាងគេ ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដឹងថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំង៣នាក់រួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន៣គ្រឿង ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2BS-6371, ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AD-6901 និងម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BG-6980 រត់គេចខ្លួន។

កម្លាំងសមត្ថកិច្ចជំនាញបានបន្តស្រាវជ្រាវរហូតស្វែងរកឃើញ រថយន្តចំនួន២គ្រឿង ម៉ាក MUSTANG ពណ៌ក្រហម និងម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារមួយកន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដោយបានបញ្ជា និងដឹកនាំប្រតិបតិការផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើរដ្ឋបាលឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនដែលពាក់ព័ន្ធក្នុងករណីនេះចំនួន៧នាក់ យកមកធ្វើការសាកសួរ និងបាននាំយកមនុស្សដែលធ្វើការនៅក្នុងអគារនោះ ចំនួន៦នាក់ (ចិន៤ និងខ្មែរ២) យកមកធ្វើការសាកសួរតាមនិតិវិធីជំនាញ។

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដែលនៅសេសសល់កំពុងរត់គេចខ្លួន៕