(ភ្នំពេញ)៖ ចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍បាល់ទាត់យុវជនក្រោមអាយុ ១៦ឆ្នាំប្រចាំតំបន់អាស៊ាន AFF U-16 Championship ឆ្នាំ២០១៦ បានរកឃើញហើយ គឺបានទៅក្រុមជម្រើសជាតិ U-16ថៃ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ U-16កម្ពុជា ដោយលទ្ធផល ៣-០ មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ។
នេះជាលើកទី២ហើយ ដែលក្រុម U-16កម្ពុជា បរាជ័យក្រោមថ្វីជើងក្រុម U-16ថៃ ខណៈលើកទី១ ជួបគ្នាក្នុងពូលB កម្ពុជា ចាញ់ថៃ ៣-០ ។ សម្រាប់ការប្រកួតលើកនេះតង់ទី១ ក្រុម U-16ថៃ បានធ្វើការនាំមុខក្រុម U-16កម្ពុជា ៣-០ ដែលធ្វើសម្រេចដោយកីឡាករ Peerapat Kaminthhong នៅនាទី១២, កីឡាករ Korawichh Tasa នៅនាទី២០ និងកីឡាករ Arnon Prasongporn នៅនាទី៣៨ ។
ចំណែកក្រុមយុវជនកម្ពុជា មិនសូវមានឱកាសល្អក្នុងការវាយបករកគ្រាប់បាល់បានឡើយ ។ ប៉ុន្ដែតង់ទី២ លោក Inoue Kazanori គ្រូបង្វឹកក្រុមយុវជនកម្ពុជា បានផ្លាស់ប្ដូរទម្រង់លេងធ្វើឲ្យកូនក្រុមរបស់ខ្លួន មានឱកាសវាយបកជាច្រើនលើក ពិសេសកីឡាករ ស៊ាន ចន្ថា ដែលមានឱកាសរកគ្រាប់បាល់ ប៉ុន្ដែមិនអាចទម្លុះរបាំងការពាររបស់ថៃដដែល ។
ដោយឡែក្រុមថៃ ក៏មិនអាចបន្ដគ្រាប់បាល់បន្ថែមបានដែរ បើទោះបីមានឱកាសល្អជាច្រើនលើកក៏ដោយ ធ្វើឲ្យចប់ការប្រកួត ក្រុម U-16ថៃ ឈ្នះ U-16 កម្ពុជា ៣-០ ហេតុនេះចំណាត់ថ្នាក់លេខ៣ ក៏បានទៅក្រុម U-16ថៃតែម្ដង ។
យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ គូដណ្ដើមតំណែងជើងឯករវាងក្រុម U-16អូស្ដ្រាលី និងក្រុម U-16វៀតណាម នឹងចាប់ផ្ដើមនាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ គួរបញ្ជាក់ដែរថា ក្រុមទាំងពីរនេះ ក៏ធ្លាប់ជួបគ្នាក្នុងពូលA ម្ដងមកហើយដែរ ដោយជ័យជម្នះបានទៅក្រុម U-16វៀតណាម ដោយលទ្ធផល ៣-០ ។ ចាំមើល្ងាចនេះ តើ U-16អូស្ដ្រាលី អាចសងសឹក U-16វៀតណាម ដណ្ដើមតំណែងជើងឯកបានទេ?