(អាល្លឺម៉ង់)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា មនុស្សស្លាប់កើនដល់១០នាក់ និងរងរបួសចំនួន២៧នាក់ ក្នុងនោះរួមទាំងក្មេងផងដែរ ក្នុងករណីបាញ់ប្រហារ នៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមស្នងការប៉ូលិសទីក្រុង Munich បញ្ជាក់ប្រាប់សារព័ត៌មាន។ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ខ្លួនឯង ក្រោយបាញ់សម្លាប់មនុស្ស។
ប៉ូលិសក្រុង Munich បានចុះទៅឆែកឆេរ នៅផ្ទះរបស់ខ្មាន់កាំភ្លើង រកពុំឃើញសញ្ញាអ្វី ដែលខ្មាន់កាំភ្លើងនោះជាប់ទាក់ទងនឹងក្រុម ISIS ទេ។
ខ្មាន់កាំភ្លើងរូបនោះ ត្រូវបានគេស្គាល់ថា ជាយុវជនម្នាក់អាយុ១៨ឆ្នាំ ជាជនជាតិអាល្លឺម៉ង់កាត់អ៊ីរ៉ង់ ដែលបានមករស់នៅក្នុងទីក្រុង Munich អស់រយៈពេលជាងពីរឆ្នាំមកហើយ។ មិនទាន់មានក្រុមណាមួយ ប្រកាសទទួលខុសត្រូវលើហេតុការណ៍បាញ់ប្រហារនេះនៅឡើយ ហើយប៉ូលិសក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុនេះបានដែរ។
សាក្សីម្នាក់ឈ្មោះថា Lauretta បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា មុនពេលហេតុការណ៍នេះកើតឡើង កូនប្រុសរបស់លោកស្រី កំពុងស្ថិតនៅក្នុងបន្ទប់ទឹកជាមួយខ្មាន់កាំភ្លើង ជាកន្លែងដែលបុរសរូបនោះកំពុងដាក់គ្រាប់កាំភ្លើង។ ខ្មាន់កាំភ្លើងរូបនេះបានបាញ់សម្លាប់ក្មេងតូចៗមួយចំនួន ខណៈដែលពួកគេកំពុងបរិភោគអាហារ ហេតុនេះពួកគេមិនអាចរត់គេចពីគ្រោះថ្នាក់បានឡើយ។ លោកស្រីបានបន្តថា ខ្មាន់កាំភ្លើងរូបនោះ បាននិយាយពាក្យថា «Allahu Akbar ដែលមានន័យថា ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់»៕