(កំពង់ចាម)៖ ភាពចាស់ទុំនៃការដឹកនាំ ជាពិសេសសមិទ្ធផលមហាសាលដែលកើតមានពាសពេញផ្ទៃប្រទេស ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ និងជឿទុកចិត្តកាន់តែច្រើនពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយជំរុញឱ្យពួកគេចូលរួមធ្វើសកម្មភាពផ្នែកនយោបាយជាបន្តបន្ទាប់។
ជាក់ស្តែងនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបចំបញ្ចូលសមាជិកថ្មីសរុបប្រមាណ ១.៧៦៩នាក់បន្ថែមទៀត ដែលជាការស្តែងឱ្យឃើញនូវចរន្តគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរទៅលើគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជានៅស្រុកព្រៃឈរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឡោ ចាន់លី តំណាងប្រធានគណបក្សខេត្តកំពង់ចាម, លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកព្រៃឈរ។
លោក ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួម «ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សថ្មី របស់ឃុំជ្រៃវៀន និងឃុំគរ នៃស្រុកព្រៃឈរ» នាពេលនេះ និងបានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការសម្រេចចិត្តក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំងអស់គ្នានាថ្ងៃនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនសមាជិក សមាជិកាគណបក្សជានិច្ច។
លោក ប៉ាន សូរស័ក្តិ បន្តថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយធំជាងគេ ចំណាស់ជាងគេនៅកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានប្រវត្តិតស៊ូ ឧត្តមគតិស្នេហាជាតិ និងជាគណបក្សស្នូលមិនអាចខ្វះដែលបានដឹកនាំប្រទេសជាតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន» រហូតសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ រួមមាន៖ ការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័័យ ធ្វើឱ្យកិត្យានុភាពកម្ពុជាស្មើមុខមាត់ ល្បីរន្ទឺពេញពិភពលោក តាមរយៈភាពជោគជ័យលេចធ្លោរបស់កម្ពុជា រួមមានជាអាទិ៍ ភាពជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ និងការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយជំងឺកូវីដ-១៩ ដែលនាំសង្គមជាតិមកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាននៅទូទាំងប្រទេស, ជោគជ័យជាប្រវត្តិសាស្រ្តក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន លើកទី១២ ឆ្នាំ២០២៣ ដោយទទួលបានមេដាយជាច្រើនពុំធ្លាប់មាន និងការរក្សារបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាការទប់ទល់បញ្ហាប្រឈមដទៃទៀតដែលបង្កដោយវិបត្តិសកលនៃការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ និងការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន។ល។
លោកប្រធានក្រុមការងារ បន្ថែមថា «ជោគជ័យទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងក្នុងស្មារតីតម្កល់ផលប្រយោជន៍គណបក្ស និងជាតិជាធំ ពីសំណាក់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំងគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសក្រោមការចង្អុលបង្ហាញពីអគ្គមគ្គុទេសដ៏ឆ្នើមនៃយើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់សមាជិក សមាជិកាទាំងអស់ ផ្ដល់ការបណ្តុះបណ្តាលធនធានយុវជនជំនាន់ក្រោយ និងបណ្តុះទឹកចិត្តឱ្យមានស្មារតីស្នេហាជាតិ ស្រលាញ់សន្តិភាព និងមានឆន្ទៈកសាងប្រទេសជាតិតាមរយៈការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ។ បើគ្មានសន្តិភាពទេនោះ នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ ចំពោះក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ដឹកនាំដោយ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដែលកន្លងមកបានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីជាយុវជន បានចំនួន ២លើក មានចំនួន សរុប ៣,០៨១ នាក់ ព្រមទាំងបានផ្ដាំផ្ញើដល់សមាជិកថ្មីចំនួន ១,៧៦៩នាក់ ដែលទើបធ្វើពិធីបញ្ចូលថ្មីនេះ ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីភារកិច្ចរបស់សមាជិកគណបក្ស ដែលមាត្រាទី៧ ជំពូកទី៣ នៃលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជាបានកំណត់ច្បាស់ មានភារកិច្ច ៤ ត្រូវអនុវត្ត រួមមាន៖ ១- ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស, ២- ធ្វើជាប្រជាជនល្អ ជាសមាជិក សមាជិកាល្អរបស់គណបក្ស និងឃោសនាផ្សព្វផ្សាយ ពីកម្មវិធីគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន (ប្រជាជនល្អ ពលរដ្ឋល្អ គឺធ្វើជាគំរូក្នុងការគោរពច្បាប់ និងមិនប្រព្រឹត្តរាល់អំពើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ ពោលគឺមិនត្រូវល្មើសច្បាប់ដាច់ខាត), ៣- ថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ជានិច្ចកាលជួយគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន,៤- និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធ៌មដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
ភារកិច្ចទាំង៤នេះ ជាភារកិច្ចសមាជិកគណបក្សត្រូវរួមគ្នាអនុវត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា ដើម្បីសង្គមកម្ពុជា និងដើម្បីឱ្យក្លាយពលរដ្ឋល្អគ្រប់ៗគ្នា។
សូមជម្រាបជូនថា ក្នុងកម្មវិធីបញ្ជូលសមាជិកថ្មីនេះ លោកប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិក-សមាជិកគណបក្សឃុំជ្រៃវៀន និងឃុំគរ ចំនួន ១,៧៦៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, អចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ ចំនួន ៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កងកម្លាំងទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល៕