(សៀមរាប)៖ លោក គង់ មុនី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់គ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក៏ដូចជាមេដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ ឱ្យបានគ្រប់គ្នានាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ លោក គង់ មុនី បានប្រាប់គ្រួសារបក្សថា ការបោះឆ្នោតនេះ មានសារៈសំខាន់ ដើម្បីធានាថា បក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស នៅតែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោក គង់ មុនី បានថ្លែងថា បែបនេះក្នុងកិច្ចសំណេះសំណាលជាមួយគ្រួសារបក្សប្រជាជនកម្ពុជា ៨៣០គ្រួសារមកពីភូមិចំនួន៤ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
នៅចំពោះមុខគ្រួសារបក្សប្រជាជនកម្ពុជា លោក គង់ មុនី អនុប្រធានក្រុមការងារចុះជួយស្រុកសូទ្រនិគម បានលើកបង្ហាញពីគុណសម្បត្តិធំៗរបស់គណបក្សប្រជាជនកម្ពុជា រួមមានការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីលើនោះ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ខ្លាំងពូកែរបស់សម្តេចតេជោប្រមុខបក្សប្រជាជនកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរក្នុងអត្រា៧ភាគរយ ២០ឆ្នាំជាប់គ្នា។ កំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យកម្ពុជាងើបចេញពីប្រទេសក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
លោក គង់ មុនី ក៏បានលើកបង្ហាញពីភាពខ្លាំងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខក្នុងអាណត្តិទី៦កន្លងទៅ រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានដោយជោគជ័យ លឿនរហ័ស ធានាបានស្ថេរភាពសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណាទំនិញលើទីផ្សារ គ្រាពិភពលោកជួបនឹងវិបត្តិកូវីដ១៩ ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ មិនត្រឹមទប់លំនឹងសេដ្ឋកិច្ចជាតិក្នុងគ្រាមានវិបត្តិសាកលប៉ុណ្ណោះទេ តែអាណត្តិទី៦នេះ សម្តេចតេជោ ក៏បានលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ឆាកអន្តរជាតិ លើព្រឹត្តិការណ៍ធំៗចំនួនពីរ ទីមួយ គឺការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ ហើយបានបំពេញតួនាទីយ៉ាងល្អក្នុងឋានៈជាប្រធានអាស៊ាន។ ព្រឹត្តិការណ៍ទីពីរ គឺការទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាការរៀបចំលើកដំបូងបន្ទាប់ពីរង់ចាំ៦៤ឆ្នាំ។ ព្រឹត្តិការណ៍ទាំងពីរនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ពស់ពីឆាកអន្តរជាតិ។
«គុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន មានទំហំធំធេងណាស់ដែលយើងគ្រប់គ្នាបានដឹងហើយថា ការនាំប្រទេសឱ្យមានសុខសន្តិភាពមិនងាយដូចការគិតនោះទេ។ ការយកជីវិតទៅប្តូរក្នុងការរំដោះប្រទេស និងការគូសវាសយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងការបង្រួបបង្រួមជាតិពេញលេញ និងការកសាងសង្គមកម្ពុជាឱ្យលេចធ្លោជាថ្មី ទើបតែបានកើតឡើងក្នុងសម័យតេជោតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក គង់ មុនី។
លោកបន្តថា «កត្តានេះហើយបងប្អូនត្រូវរួមសាមគ្គីគ្នា និងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីសម្តែងការគាំទ្រចំពោះគណបក្សនយោបាយដែលបានជួយអភិវឌ្ឍន៍ភូមិឃុំឱ្យ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីពេទ្យ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបើកដំណើរការឆាប់ៗខាងមុខនេះ ហើយនឹងផ្តល់ការងារជូនដល់យុវជន យុវនារីជាកូនចៅរបស់យើងអាចមានបៀវត្សរ៍ល្អប្រសើរជួយដល់ក្រុមគ្រួសារ»។
លោក គង់ មុនី បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជាការជួយខ្លួងឯងឱ្យមានជីវភាពសមរម្យ រស់នៅក្នុងសុខសន្តិភាព មានសិទ្ធិសេរីភាពស្មើមុខគ្នា។ ដូចនេះកុំបោះបង់ចោលសិទ្ធិជាម្ចាស់ឆ្នោត ដើម្បីភាពសុខសាន្តរបស់សង្គមកម្ពុជាទាំងមូល។
បន្ទាប់ពីសំណេះសំណាលលោក គង់ មុនី និងក្រុមការងារបានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាជូនប្រជាពលរដ្ឋចូលរួមក្រោមបរិយាកាសសប្បាយរីករាយ៕