(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់សិស្សានុសិស្ស លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាពិសេសគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលមានទាំងចំណេះដឹង ទាំងសីលធម៍ សុជីវធម៍ ទន់ភ្លន់ សុភាព តែម៉ឺងម៉ាត់ការងារ ពូកែដឹកនាំ ចាត់ចែង រៀបចំ ពោរពេញដោយសមត្ថភាព មានប្រជាប្រិយភាពគ្រប់គ្រាន់ ជាអ្នកបន្តវេនដ៏សាកសមបំផុត។
មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី នៅវត្តតេជបារមី សិរីសុខារាម ហៅវត្តតេជៈសុវណ្ណភូមិ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា សមិទ្ធផលលើវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលគ្រប់ទីកន្លែង ជាពិសេសនៅទីអារាមថ្មីមួយនេះ ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋក៏មិនមានសិទ្ធសេរីភាព ហើយប្រទេសក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចគ្នានោះដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត គូសបញ្ជាក់ថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព អោយនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់អនាគតកូនៗចៅៗយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន ក៏បានបន្តប្រគេនសុីម៉ង់ចំនួន៥០តោន ដងទង់ចំនួន០២ រូបព្រះបដិមា និងបច្ច័យបុកគ្រឹះចំនួន៣៥០០ដុល្លាបន្ថែមទៀតដល់ចៅអធិការវត្ត ដើម្បីកសាងបន្ត បានចែកជូនថវិកាដល់អ្នកចូលរួុមចំនួន១៧៦៨នាក់ផងដែរ ក្នុងនោះកងកម្លាំងទាំង០៣ប្រភេទចំនួន ២០០នាក់ ក្នុងម្នាក់២០,០០០រៀល មេឃុំ ស្មៀនឃុំ មេភូមិ គ្រូបង្រៀន និងក្រុមគ្រូពេទ្យ ក្នុងម្នាក់ ២០,០០០រៀល ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមទាំងអស់ ក្នុងម្នាក់ ១០,០០០រៀល។
ព្រមទាំងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសាសនាបញ្ចុះបឋមសិលា ដំណើរការសាងសង់ព្រះវិហារថ្មី និងបន្តថ្វាយ ទៀន ធូប តាមទីកន្លែងសក្ការៈ ពិនិត្យសមិទ្ធផលនានា ក្នុងបរិវេណវត្តផងដែរ៕