(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនចំនួន៨១៣នាក់ ដែលបានអញ្ជើញមកពីស្រុកប្រាសាទសំបូរ១៨៥នាក់ ស្រុកបាសាទបល្ល័ង្ក ៣៥៦នាក់ និងស្រុកសណ្តាន់ ២៧២នាក់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំនិងណែនាំផ្ទាល់ពីលោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ ត្រូវបានបំពាក់គ្រឿងឥស្សរិយយសចំនួន៣លើករួចហើយនាពេលកន្លងទៅថ្មីៗនេះ ដោយលើកទី១ ត្រូវបានបំពាក់ជូនជាកិត្តិយសក្នុងជំហានដំបូងចំនួន១៥០នាក់ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត គន់ គីម និងលើកទី២ ត្រូវបានបំពាក់ជូនអតីតយុទ្ធជនចំនួន ២,១០៥នាក់ ក្រោមអធិបតីភាពបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលើកទី៣ បំពាក់ជូនអតីតយុទ្ធជនចំនួន៥២៩នាក់ ក្រោមអធិបតីភាពបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ហើយនៅក្នុងពិធីនេះអតីតយុទ្ធជនចំនួន៨១៣នាក់ ដែលត្រូវបាន លោក ងួន រតនៈ បំពាក់ជូននៅពេលនេះ លើចំនួនអតីតយុទ្ធជនចំនួនផែនការ ៣,៤៤៧នាក់ ជាលើកចុងក្រោយ គ្រប់ចំនួនតាមផែនការដែលត្រូវបំពាក់ជូន។
លោក ងួន រតនៈ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងប្រជាជនកម្ពុជាព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
លោកបានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ។
អភិបាលខេត្ត ងួន រតនៈ បានបំពាក់គ្រឿងឥស្សរិយយស ជានិមិត្តរូបជូនអតីតយុទ្ធជនចំនួន៣០នាក់ និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗមួយចំនួន៦៥,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធកម្ពុជាសម្រាប់ជូនដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន៨១៣នាក់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ ៕