(បាត់ដំបង)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារគ្រប់ថ្នាក់ពិនិត្យមើលការអភិវឌ្ឍផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់។

ឱកាសនោះលោក ឡេង ប៉េងឡុង បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលបក្ស និងរដ្ឋ កោតសសើរដល់កិច្ចខិតខំរបស់ក្រុមការងារគ្រប់ថ្នាក់ ជម្រាបជូនពីព័ត៌មានសភាពការណ៍ទូទៅថ្មី ពិនិត្យសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ និងផែនការការងារដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

បន្ទាប់ទទួលបានការចូលរួមមតិពីក្រុមការងារពីសកម្មភាពការងារប្រកបដោយការទទួលខុសត្រូវតាមផែនការដែលបានដាក់ចុះរួចមក លោក ឡេង ប៉េងឡុង បានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែង និងការលះបង់នូវពេលវេលា ធនធាន សម្ភារ របស់ក្រុមការងារទាំងអស់ចូលរួមក្នុងសកម្មភាពការងារបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោក ឡេង ប៉េងឡុង បានណែនាំដល់ក្រុមការងារទាំងបន្តអនុវត្តនូវផែនការដែលបានដាក់ចុះ សេសសល់ បន្តពិនិត្យសំណើ សំណូមពរដោះស្រាយជូនប្រជាពលរដ្ឋ និងត្រូវរួមគ្នាក្នុងដំណើរឆ្ពោះទៅដណ្តើមបាននូវជ័យជំនះ ត្រចះត្រចង់ជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕