(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូគោក និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន។
បណ្ឌិត ថោង ខុន បានថ្លែងក្នុងពិធីផ្ដល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យកំពង់ធំ វិទ្យាល័យស្ទឹងសែន និងវិទ្យាល័យហ៊ុនសែនតាំងគោក ដល់មន្ត្រីរាជការ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យកំពង់ធំ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអវិជ្ជមានបែបនេះ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមទីតាំងសំខាន់ៗ ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងវត្តអារាម ជាដើម។ ពិតណាស់ ដើម្បីឱ្យស្ថានភាពសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរ ទាមទារចាំបាច់នូវការចូលរួមពីអ្នកប្រើប្រាស់យានយន្តលើដងផ្លូវ តាមរយៈការស្វែងយល់ដឹងអំពី ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ។
លោកបណ្ឌិត ថោង ខុន បន្តថា នៅតាមសាលារៀនទាំងអស់ ត្រូវដាក់បញ្ចូលការកំណត់អំពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការកំណត់អំពីការពាក់មួកសុវត្ថិភាពក្នុងបទបញ្ជាផ្ទៃក្នុង របស់សាលារៀន និងដាក់វិន័យឲ្យបានតឹងរឹងបំផុតចំពោះសិស្សដែលមិនអនុវត្តតាម។
លោកបន្ថែមថា លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បង្កើនការអប់រំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវឥរិយាបថប្រកបដោយសុវត្ថិភាពពេលធ្វើដំណើរ (តាមម៉ូតូ កង់ និងដើរដោយថ្មើរជើង) របស់សិស្សានុសិស្ស។ ជំរុញឱ្យពួកគាត់ដែលជាទ្រព្យដ៏មានតម្លៃរបស់គ្រួសារ និងសង្គមជាតិ ដែលយើងស្រឡាញ់ស្មើនឹងជីវិតត្រូវតែគោរពវិធានការសុវត្ថិភាពចរាចរណ៍ នឹងពាក់មួកសុវត្ថិភាពគ្រប់វេលាដែលពួកគេធ្វើដំណើរតាមម៉ូតូ ឬកង់ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ មាតាបិតា អាណាព្យាបាលសិស្ស ជំរុញឱ្យកូនប្រតិបត្តិតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគឺ ពាក់មួកសុវត្ថិភាព ដូចដែលចង់ឱ្យកូនៗស្តាប់ ប្រតិបត្តិតាមដំបូន្មាន និងការប្រៀនប្រដៅរបស់ខ្លួន។
លោកបានលើកទឹកចិត្តដល់ម្ចាស់ជំនួយដែលបានផ្ដល់មួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សានៅតាមសាលារៀនគោលដៅ ផ្តល់មួកសុវត្ថិភាពដែលមានគុណភាពល្អដល់សិស្សានុសិស្សនៅសាលារៀន អនុវត្តយុទ្ធនាការទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនការយល់ដឹងដល់សហគមន៍ និងសាធារណៈជន។
សូមបញ្ជាក់ថា ពិធីផ្ដល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យកំពង់ធំវិទ្យាល័យស្ទឹងសែន និងវិទ្យាល័យតាំងគោកមានចំនួន២.៥១៦នាក់ និងផ្ដល់មួកសុវត្ថិភាពជូនចំនួន២.៥១៦មួក ដែលជាអំណោយមូលនិធិក្រុមហ៊ុនព្រូដិនសល ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមហ៊ុន FIA ៕