(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាទិវាមួយប្រកបដោយ មហានក្ខិតិឬក្ស ដែលថ្នាក់ដឹកនាំកំពូល របស់ជាតិ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស មានសេចក្តីរីករាយយ៉ាងក្រៃលែង ចូលរួមអបអសាទរយ៉ាងក្លៀវក្លា ការប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គំរប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា។
ទោះបីមិនបានអញ្ជើញប្រារព្ធពិធីផ្ទាល់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជាក្តី តែ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់គណៈប្រតិភូ តំណាង នាំយក ទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរថ្វាយប្រគេនព្រះសង្ឃចំនួន១១វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីជាកិច្ចថ្វាយព្រះរាជកុសល ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរកាស នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាព្រះអង្គ។
ពិធីនេះបានប្រព្រឹត្តទៅព្រមៗគ្នា នៅព្រឹកថ្ងៃសុក្រ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលក្នុងនោះ គណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន៦ក្រុម។
សម្រាប់ទីអារាម ព្រះពុទ្ធសាសនាទាំង ១១ ដែលទទួលបានទេយ្យទាន សម្ភារៈបរិក្ខារ និងបច្ច័យ ជាសទ្ធាជ្រះថ្លា របស់កាកបាទក្រហមកម្ពុជា នាថ្ងៃដ៏វិសេសវិសានេះ រួមមាន៖ វត្តបុទុមវតី រាជវរារាម (គណៈធម្មយុត្តិ) ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ យាងទទួលដោយ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណា ចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបុទុមវតីរាជវរារាម (គណៈធម្មយុត្តិ) និងបុទុបវតី រាជវរារាម (គណៈមហានិកាយ) យាងនិងនិមន្តទទួលដោយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នុន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម (គណៈមហានិកាយ) និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក អគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនា និងជាព្រះមេគណរាជធានីភ្នំពេញ។
ទីអារាមទាំង២នេះ អញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខារ ទៅថ្វាយដោយ លោកស្រី អាន្នី សុខអាន អនុប្រធាន កាកបាទក្រហមកម្ពុជា និងលោកស្រី ពេជ សោភ័ន។
ចំពោះវត្តមុន្នី សុវណ្ណ ហៅចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ និងអញ្ជើញនាំយកទេយ្យទានសម្ភារៈនិងបច្ច័យ ទៅវេរប្រគេន ដោយលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា។
វត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និមន្តទទួលដោយ សម្តេចព្រះមង្គល ទេព្វាចារ្យវង្សអានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះមេគណ (គណៈធម្មយុត្តិកនិកាយ)ខេត្តកណ្តាល និងអញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខានិងបច្ច័យ ទៅវេរ ប្រគេនដោយ ឯកឧត្តម វេជ្ជៈបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា។
វត្តចន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះវ័នរត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេច ព្រះសង្ឃនាយករងទី២ ព្រះអនុប្រធាន អចិន្ត្រែយ៍ថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តចន្ទបុរីវង្ស។ វត្តមុន្នីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេច ព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះពុទ្ធសាសនានិងជា សម្តេច ព្រះចៅអធិការវត្ត មុន្នីប្រសិទ្ធីវង្ស ដែលវត្តទាំងពីរនេះ អញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខារនិងបច្ច័យ ទៅវេរប្រគេនដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១កាកបាទក្រហមកម្ពុជា។
វត្តមហានន្ទិយនេរញ្ចរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិតក្នុងឃុំ វិហារហ្លួង ស្រុកពញឮ ខេត្តកណ្តាល និមន្តទទួលដោយសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិតដូងផង់នន្ទិយោ ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តព្រែកប្រាំង, វត្តសុវណ្ណវ៉ារី ហៅវត្តព្រែកតាទែន ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល និមន្តទទួលដោយសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណ គណៈមហានិកាយខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្ត សុវណ្ណវ៉ារី ហៅព្រែកតាទែន ដែលវត្តទាំងពីរខាងលើនេះ អញ្ជើញនាំយក ទេយ្យទានសម្ភារៈបរិក្ខារនិងបច្ច័យ ទៅវេរប្រគេនដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា។
វត្តឧណ្ណាលោម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និមន្តទទួលដោយ ព្រះធម្មឃោសសាចារ្យ ជួន សាវឿន ព្រះរាជាគណៈថ្នាក់ទោ ព្រះអនុគណខណ្ឌដូនពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តឧណ្ណាលោម តំណាង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារទៅថ្វាយដោយ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ពេជ សោភ័ន។
វត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងខណ្ឌបឹងកេង កងរាជធានីភ្នំពេញ និមន្តទទួលដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូត្រស្តាំ វត្តលង្កាព្រះកុសុមារាម តំណាងសម្តេច ព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និងអញ្ជើញនាំទេយ្យទានសម្ភារៈបរិក្ខារនិងបច្ច័យទៅវេរប្រគេនដោយដោយ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា។
វត្តវិមានតេជះ ហៅវត្ដស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និមន្តទទួលដោយ ព្រះលេខា កោសល វុន ចាន់ថារី ព្រះលេខាធិការវត្ត តំណាង សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា និងវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ និមន្តទទួលដោយព្រះ បទុមសោភ័ណ នង សុវណ្ណ ព្រះគ្រូសូតឆ្វេង តំណាងសម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន។ វត្តទាំងពីរនេះ អញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខារនិងបច្ច័យទៅវេរប្រគេនដោយ លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋាន ទំនាក់ទំនងកាកបាទក្រហមកម្ពុជា។
ទេយ្យទានជាសទ្ធាជ្រះថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលគណៈប្រតិភូជាតំណាងនាំយកមក ថ្វាយ-ប្រគេន ព្រះសង្ឃទាំង១១វត្ត នាថ្ងៃនេះ គឺវត្តនីមួយៗ ទទួលបាន អង្ករ ២តោន, មី ៣០កេស, ត្រីខ ៣កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ១កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស់ ១កន្ត្រក, និងបច្ច័យចំនួន ១០លានរៀល។
ដោយឡែកសម្រាប់សម្តេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, សម្តេចព្រះមហាត្ថេរ និងព្រះរាជាគណៈសរុបចំនួន ១៣ព្រះអង្គ ក្នុង១ព្រះអង្គ បវរណា ថ្វាយប្រគេននូវ សាដក១ ,ចង្ហាន់១ស្រាក់, បង្អែម១កាតូ និងបច្ច័យចំនួន១លានរៀល។ ប្រគេនព្រះសង្ឃគង់អមទាំង១១វត្ត សរុប៤៨អង្គទៀត ក្នុង១អង្គៗ សាដក១, ចង្ហាន់១ស្រាក់ បង្អែម១កាតូ និងបច្ច័យ២០ម៉ឺនរៀល។ ជូនលោកតាអាចារ្យ ធ្វើកិច្ច២៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។
មនុញ្ញផល ដែលកើតមានក្នុងពេលនេះ ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកា កាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះប្រធាន និងប្រធាន កាកបាទក្រហមកម្ពុជា ដែលបានសោយទិវង្គត់ និងបូជាអាយុជីវិត ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ក្នុងរយៈកាលកន្លង ទៅក៏ដូចជាវិញ្ញាណក្ខ័ន្ធ សមាជិកសមាជិកា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបាត់បង់ជីវិតក្នុងបុព្វហេតុមនុស្សធម៌ សូមឲ្យព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធទាំងអស់ បានទៅសោយសុខក្នុងសុគតិភពជាឋានបរមសុខតរៀងទៅ។
ជាមួយគ្នានេះដែរ កុសលផលបុណ្យ កើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ យាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងបានសោយព្រះបរមសុខ ក្នុងព្រះសុគតិភព ជារៀងដ៏រាបតទៅ។
ជាមួយនេះ សូមលើកថ្វាយចំពោះវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះតេជៈបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយអភិបាល គ្រងរក្សា និងប្រោះប្រទាន នូវព្រះពរជ័យបវរ មហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពដ៏បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រក កោនតរៀងទៅ។
សូមបញ្ជាក់ដែរថា ស្របគ្នាជាមួយនិងកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល អញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារនិងបច្ច័យ ទៅវេរថ្វាយ-ប្រគេនព្រះសង្ឃទាំង១១វត្តនេះ ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២៤ទៀត លើកលែងសាខារាជធានីភ្នំពេញ ដែលបានចូលរួមជាមួយថ្នាក់កណ្តាល ក៏បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមលទ្ធភាពនៃសាខានីមួយៗផងដែរ។
ស្ថិតក្នុងទិវាប្រកបដោយ មហានខិត្តឬក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចំរើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សានេះ ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី/ខេត្ត សូមព្រះបរមរាជានុញ្ញាត ថ្វាយ ព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គ មានព្រះកាយពលមាំមួន ព្រះរាជ សុខភាពបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ។
ព្រះរាជវត្តមាន គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា របស់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត គឺជាគ្រឹះសរសរស្ដម្ភ ដ៏រឹងមាំនៃសកម្មភាព ដ៏ក្លៀវក្លា ក្នុងចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការជួយសង្គ្រោះជន ដែលងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា គឺមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ឲ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់លើបេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕