(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារមូលស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា បេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជន ដែលមកពីគណបក្សភ្លើងទៀន និងគណបក្សហ្វ៊ិនស៊ិនប៉ិចចំនួន ៥២១នាក់ មកពីឃុំត្រពាំងឬស្សី និង ៤៣៣នាក់ មកពីឃុំត្បែង ស្រុកកំពង់ស្វាយ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានថ្លៃចំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូ អ្នកមីង បងប្អូនកូនក្មួយទាំងអស់ ដែលបានមកចូលរួមជីវភាពជាមួយថ្នាក់បក្សប្រជាជនកម្ពុជា ដែលព័ត៌មាននេះកន្លងមក លោកស្រី បានដឹងនៅព័ត៌មាននេះ ក៏ប៉ុន្តែដោយសារមួយរយៈពេលនេះខេត្តកំពង់ធំយើងមានពិធីបុណ្យ និងកម្មវិធីមុំមានញឹកធ្វើឲ្យការជួបជុំ និងការប្រកាសសមាជិកថ្មីរបស់យើងមានភាពយឺតយ៉ាវ តែយ៉ាងណាក៏ដោយក៏យើងនៅតែធ្វើឲ្យបាន។
លោកស្រីបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាជាមួយគត់ ដែលបានកសាងនៅសន្តិភាពនយោបាយកំណើនសេដ្ឋកិច្ច និងការរួមរស់ជាមួយគ្នាក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោជាប្រមុខ និងជាថ្នាក់ដឹកនាំដ៏កំពូលរបស់ប្រទេសជាតិ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានរស់នៅក្រោមម្លប់សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារនៅសុខសន្តិភាពមួយនេះ ឱ្យបានជាដាច់ខាតព្រោះមិនមានគណបក្សណាមួយដែលអាចធ្វើបានដូចគណបក្សប្រជាជនទេ។
លោក សួស យ៉ារ៉ា បានលើកឡើងថា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានបង្កើតថ្នាក់ដឹកនាំដោយខ្លួនឯង និងបានជ្រើសរើសថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសដូចនេះហើយ គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយក៏បានជ្រើសរើសនៅយុវជនបន្តវេន នោះគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលលោកបាននូវការសិក្សាថ្នាក់បណ្ឌិតយោធា និងបណ្ឌិតសេដ្ឋកិច្ច ដើម្បីដឹកនាំមាគ៌ាសន្តិភាពនិងថែរក្សានៅសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត។
បន្ថែមលើសនេះ លោកបានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់មានសមត្ថភាព ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍតទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោកបានស្នើដល់យុវជនក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រព្រឹត្តិតែអំពើល្អ ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌ និងសម្អាតអនាម័យ តាមទីសាធារណៈនិងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ។
ចុងបញ្ចប់ នៃពិធីនេះប្រធានក្រុមការងារបានចែកអំណោយដល់សមាជិកថ្មីដោយម្នាក់ៗទទួលបានអាវគណបក្ស១មួកគណបក្ស១ ក្រមា១ និងថវិកាចំនួន ២ ម៉ឺនរៀល ព្រមទាំងផ្ដល់ថវិកាដល់ឃុំចំនួន ១លានរៀល ថវិកាសម្រាប់ភូមិក្នុង១ភូមិទទួលបាន ១០ម៉ឺនរៀលផងដែរ។។
ជាមួយគ្នានេះ តំណាងយុវជនដែលបានប្រកាសបញ្ចូលជាសមាជិកថ្មីបានលើកឡើងថាដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឲ្យពួកគេមានការចូលរួមគាំទ្រជាមួយ គណបក្សប្រជាជនកម្ពុជាដោយមិនមានអ្នកណាបង្ខិតបង្ខំនោះទេ គឺពួកគាត់ចូលដោយស្ម័គ្រចិត្ត៕