(សៀមរាប)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយកស្តីទី អគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ និងជានាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ

ជួយមូលដ្ឋានស្រុកអង្គរជុំ ខេត្តសៀមរាប ចុះជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន២០០នាក់។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោកវរសេនីយ៍ឯក យួន ចោម អធិការនគរបាលស្រុកអង្គរជុំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកអង្គរជុំ បានលើកឡើងថា អតីតយុទ្ធជនទូទាំងស្រុក សរុប ៩៤៩នាក់ បានស្នើសុំមេដាយការពារជាតិ ចំនួន ៩៦០នាក់ និងបានធ្វើការបំពាក់ជូនក្នុងពេលនេះ ចំនួន ២០០នាក់។ ក្នុងនោះដែរ លោកក៏លើកឡើងពីសកម្មភាព និងលទ្ធផលរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកអនុវត្តបាន និងការចុះជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក និងផ្តល់នូវថវិកាមរណៈសង្រ្គោះដល់ក្រុមគ្រួសារនៃសពផងដែរ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទោះបីសម្តេចទាំងទ្វេរ មិនបានចុះមកផ្ទាល់ក៏ដោយ។ លោកក៏ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានលើកឡើងអំពីការយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៏ឯក ប្រតិបត្តិករសន្តិភាព បានរៀបចំបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនបងប្អូននាពេលនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ និងក្នុងការគោរពដឹងគុណនូវវីរៈភាពអង់អាចក្លាហាន ពលីកម្មគ្រប់បែបយ៉ាង ដើមី្បជាតិមាតុភូមិ និងសន្តិភាព ព្រមទាំងបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលី មរណៈ បានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ។

លោកក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូននៅក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនឹងនោះដែរ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ និងចូលរួមជម្រុញកូនចៅរបស់ខ្លួនឲ្យបានចូលសិក្សា និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរផង​ដែរ។ 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក លី កុសល និងប្រតិភូ បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជាស្រុកអង្គរជុំ ទាំង២០០នាក់ ព្រមទាំងនាំយកនូវថវិការបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនអំណោយដល់បងប្អូនអតីតយុទ្ធជនទាំង២០០នាក់ ម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀលផង​ដែរ៕