(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ និងទទួលសម្ភារបរិក្ខាពេទ្យ ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សម្ភារបរិក្ខាពេទ្យដែលបានប្រគល់ និងទទួលថ្ងៃនេះ រួមមាន៖ ម៉ាស៊ីនចិញ្ចឹមទារកពុំគ្រប់ខែ ម៉ាស៊ីនចាប់សង្វាក់បេះដូង ម៉ាស៊ីនតាមដានចង្វាក់បេះដូង ម៉ាស៊ីនកំណត់តំណក់សេរ៉ូមស៊ីរាំងអេឡិកទ្រិក ម៉ាស៊ីនកំដៅទារក រទេះរុញអ្នកពិការ ម៉ាស៊ីនតាមដានការកន្ត្រាក់ដៃស្បួន និងសម្ភារបរិក្ខាមួយចំនួនទៀត ដែលជាអំណោយរបស់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និងរ៉ូតថារិក្លឹប ឆាងហួរតុងឈូ តបតាមការអំពាវនាវរបស់ឧកញ៉ា អ៊ឹង លីហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្គតាសូរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ និងថ្លែងអំណរគុណ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និងរ៉ូតថារិក្លឹប ឆាងហួរតុងឈូ ចំពោះការចួលរួមចំណែករបស់វិស័យឯកជន ជាមួយនឹងរាជរដ្ឋាភិបាល។ សកម្មភាពទាំងនេះបានបង្ហាញ អំពីទឹកចិត្តស្រឡាញ់ និងទឹកចិត្តមនុស្សធម៌ ក្នុងការលើកស្ទួយដល់វិស័យសុខាភិបាលនៅខេត្តស្វាយរៀង ឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ស្របតាមអានុសាសន៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និងរ៉ូតថារិក្លឹប ឆាងហួរតុងឈូ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យក្នុងអាជីពការងារ៕