(ភ្នំពេញ)៖​ លោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ រៀបចំឡើងនៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២៣ នៅវិមាន៧មករា គ៨៥ ដោយមាន សមាជិក សមាជិកា ចូលរួមចំនួន២៦៨នាក់។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រធានក្រុមការងារតាមបណ្តារដ្ឋទាំង៧រួមមាន៖ រដ្ឋកាលីហ្វ័រញ៉ា វ៉ាស៊ីងតោន អូរីហ្គិន អារីហ្សូណា នីវ៉ាដា ខូឡូរ៉ាដូ និងយូថា បានផ្តល់ជូនអង្គមីទ្ទិញទាំងមូល ស្តីពី ស្ថានភាពទូទៅ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងឆមាសទី១ បញ្ហាប្រឈម សំណូមពរ និងផែនការសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៣។

ក្រោយពីបានស្តាប់របាយការណ៍​ ប្រកបដោយយកចិត្តទុកដាក់ លោក ស សេរីវិចិត្រ បានផ្តល់មតិសំណេះសំណាលក៏ដូចជា​ផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៣។

ក្នុងឱកាសដ៏ដ៏មានអត្ថន័យនេះដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន២៦៨នាក់ ដែលបានចូលរួមអង្គពិធី បានថតរូបជាអនុស្សាវរីយ៍ នៅពីមុខវិមាន ៧ មករា ប្រកបដោយក្តីរំភើបរីករាយ និងភាពស្និទ្ធស្នាល៕