(បន្ទាយមានជ័យ)៖ ជនដៃដល់ចំនួន២នាក់ ម្នាក់ជាជនជាតិចិន ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់បានក្រោយបាញ់ប្រហារទៅលើជនរងគ្រោះជាជនជាតិចិនបណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
យោងតាមរបាយការណ៍របស់អាវុធហត្ថ ដែលបណ្តាញអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះរងមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ហើយនៅជុំវិញបរិវេណកន្លែងកើតហេតុ បានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។
ដោយមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញ អ.ហ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ អ.ហ ក្រុង បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ២២៖៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
ទី១៖ ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន
ទី២៖ ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមរបាយការណ៍ វត្ថុតាងចាប់យក រួមមាន៖
ទី១៖ កាំភ្លើងខ្លីម៉ាក់ GLOUK-17 ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។ឮ
ទី២៖ កាំភ្លើងខ្លីម៉ាកK54 ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។
ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាបងជីដូនមួយជនរងគ្រោះ។ ក្រោយចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ខណៈសាច់ញាតិជនរងគ្រោះ សុំឲ្យតុលាការចាត់វិធានការឲ្យបានតឹងរឹងចំពោះជនសង្ស័យទាំង២នាក់នេះ៕