(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមិថុនា បានប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្តសកម្មភាព។
តាមរយៈ Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង
ដែលកើតមានកន្លងមកនិងសកម្មភាពរបស់សមាគម។ យើងពិនិត្យឃើញនូវផលប្រយោជន៍ ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បី
ផលប្រយោជន៍ប្រជាជនយើងនិងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»។
សម្តេចតេជោ បន្តថា «ខ្ញុំក៏បានណែនាំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់»។