(ភ្នំពេញ)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោកស្រី សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានបើកប្រជុំជីវភាពនយោបាយគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងចេះ ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយក្រុងក្រចេះ, លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង
និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ គណៈកម្មាធិការសាខាបក្សភូមិ សាខាចំណុះ ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣១៥នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សសង្កាត់ទាំង ៥ រួចមក ឯកឧត្តមប្រធានបានមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាលផ្តាំផ្ញើមួយចំនួន ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
១- បន្តចុះជួបជាមួយគ្រួសារបក្ស និងក្រុមបក្ស
២- ត្រៀមលក្ខណៈការឃោសនាបោះឆ្នោតឲ្យបានរលូន ដោយហែរតាមម៉ូតូឲ្យបានច្រើន
៣- បន្តចុះពង្រឹងសតិអារម្មណ៍នយោបាយដល់មន្ត្រីគណបក្សយើង
៤- រៀបចំផែនការចុះតាមខ្នងផ្ទះសមាជិក សមាជិកា បក្សដើម្បីបង្រៀនគូសសន្លឹកឆ្នោត
៥- បែងចែកសាខាបក្សភូមិទាំងអស់កាន់តាមផែនគ្រួសារបក្ស
៦- ត្រៀមរៀបចំកម្លាំងដើម្បីត្រៀមដឹកជញ្ជូនសមាជិកគណបក្សទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោត
៧- ត្រូវមានក្រមសីលធម៌ក្នុងថ្ងៃឃោសនាបោះឆ្នោត ដោយមិនត្រូវនិយាយអាក្រក់ពីគណបក្សផ្សេង
៨- ត្រូវត្រៀមធ្វើឯកសារសម្រាប់បោះឆ្នោតជំនួសឲ្យអត្តសញ្ញាណប័ណ្ណដល់មន្ត្រីគណបក្សដែលអត់មានអត្តសញ្ញាណប័ណ្ណ
មុននឹងបញ្ចប់ឯកឧត្តមប្រធានបានឧបត្ថម្ភដល់សមាជិក សមាជិកា ដែលបានចូលរួមចំនួន ២៤៤នាក់ ក្នុងម្នាក់ៗទទួលបាន ២០.០០០រៀល សរុបថវិកាអស់ចំនួន ៤,៨៨០,០០០រៀល។ និងបានឧបត្ថម្ភថវិកាសម្រាប់ខែមិថុនាដល់គណកម្មកាគណបក្សសង្កាត់ទាំង៥ ចំនួន ១,០០០,០០០រៀលក្នុងមួយសង្កាត់ ដើម្បីអនុវត្តការងារប្រចាំខែរបស់គណបក្សសង្កាត់ សរុបថវិកាអស់ចំនួន ៥,០០០,០០០រៀល។ សរុបរួមថវិកាអស់ចំនួន ៩,៨៨០,០០០រៀល៕