(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំពៅលូន ចំនួន៤៥០នាក់ ក្នុងបរិវេណសាលាស្រុកសំពៅលូន នាពេលព្រឹក និងពេលរសៀល នៅបរិវេណសាលាស្រុកបវេល ចំនួន៤០០នាក់ សរុបរួមចំនួន៨៥០នាក់។

នៅក្នុងពិធីនោះ ប្រធានបានធ្វើការពាំនាំការផ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងបានលើកឡើងពីសមិទ្ធផលរបស់ស.ស.យ.ក.ខេត្ត រយៈពេល៧ឆ្នាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិរយៈកាលកន្លងទៅនេះ។

លោក ស រដ្ឋា ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក.ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកា សម្ភារៈ និងសាមគ្គីគ្នាជាថ្លុងមួយ ជាខ្មែរតែមួយ ទើបស.ស.យ.ក.ខេត្ត អាចសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមកនេះ និងសំណូមពរដល់សមាជិក សមាជិកាបន្តការចូលរួមជាមួយ ស.ស.យ.ក.ខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអភិវឌ្ឍជាតិ មាតុភូមិរបស់យើង។

នាឱកាសនោះដែរ លោក ស រដ្ឋា ក៏បានសំណូមពរឱ្យបងប្អូនដែលគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតអោយបានគ្រប់គ្នា និងជម្រុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទៅបោះឆ្នោតដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន និងគ្រប់ៗគ្នា។

ក្នុងនោះផងដែរ សមាជិក សមាជិកាទាំង៨៥០នាក់ ដែលបានចូលរួមកម្មវិធីនាឱកាសនោះ ទទួលបានថវិកាមួយចំនួន ដែលជាថវិកាឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផងដែរ៕