(ក្រចេះ)៖ ខ្យល់កន្រ្តាក់លាយលំជាមួយភ្លៀង បណ្ដាលឲ្យដួលផ្ទះប្រជាពលរដ្ឋ៤៤ខ្នងដួលរលំ និងមនុស្ស៦នាក់រងរបួសធ្ងន់ ស្រាល នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៦ ចំណុចនៅភូមិប្រម៉ា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ហេង សុថា អភិបាលស្រុកឆ្លូង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ផ្ទះពលរដ្ឋដែលបានដួលរំលំដោយសារខ្យល់កន្រ្តាក់នោះ មានចំនួន៤៤ខ្នង ផ្ទះសង់ពីឈើ ប្រកសង្ហ័សីទាបៗ ដួលទាំងស្រុងចំនួន១២ផ្ទះ ប៉ើងដំដំបូលចំនួន២ផ្ទះ ហើយផ្ទះសង់ពីឈើខ្ពស់ ប្រកសង្ហ័សីដួលទាំងស្រុងចំនួន២ខ្នង និងប៉ើងដំបូល២៨ខ្នង។
លោកអភិបាលស្រុក បញ្ជាក់ទៀតថា ក្នុងហេតុការខ្យល់កន្រ្តាក់នេះ បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ស្រាល៦នាក់ ស្រី៤នាក់ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ហើយអ្នករងរបួស ទី១-ឈ្មោះ ថូ វឿន ភេទស្រី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រូវក្បាល, ទី២-ឈ្មោះប៊ន ដាលីន ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ត្រូវចំក ទី៣-ឈ្មោះស្រី សំអឿន ភេទប្រុស អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ត្រូវក្បាល ទី៤-ឈ្មោះផុន ភីន ភេទស្រី អាយុ២៥ឆ្នាំ រងរបួសធ្ងន់ត្រូវដៃ ទី៥-ឈ្មោះអួយ សីហា ភេទប្រុស អាយុ១០ឆ្នាំ រងបួសស្រាលត្រូវជើង និងទី៦-ឈ្មោះអួយ ធីតា ភេទស្រី អាយុ៨ឆ្នាំ រងរបួសធ្ងន់ត្រូវខ្នង ហើយអ្នករងរបួសទាំងអស់នេះកំពុងសំរាក់ព្យាលបាលនៅពេទ្យឯកជននៅភូមិកើតហេតុខាងលើ។
ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ លោកអភិបាលស្រុកឆ្លូង បានធ្វើសំណើរមកអភិបាលខេត្ត និងសាខាកាកបាតក្រហមខេត្ត ដើម្បីសុំជំនួយជនរងគ្រោះ៕