(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលអំពាវនាវចង់ឲ្យមានការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បានបន្តបង្ហាញវិដេអូថ្មី មួយទៀត ដោយលើកនេះបុរសម្នាក់នោះបានអះអាងជាសាធារណៈនៅលើបណ្តាញសង្គម Facebook ថា ខ្លួនជាអតីតមន្រ្តីយោធា នៅកងពលតូចលេខ៣ នៅខេត្តព្រះវិហារ និងជាសមាជិកក្រុមរណសិរ្សរំដោះជាតិខ្មែរ។
វិដេអូដែលមានរយៈពេលជិត៦នាទី បង្ហោះនៅលើ Facebook ឈ្មោះ «សៀមរាបអង្គរ» បុរសនោះបានឲ្យដឹងថា ខ្លួនឈ្មោះ សោម សវុណ្ណារ៉ា ជាសមាជិក ក្រុមរណសិរ្សរំដោះជាតិខ្មែរតាំងពីឆ្នាំ២០០៥ ហើយរណសិរ្សនេះដឹកនាំដោយលោក សម សារី មានទីស្នាក់ការនៅប្រទេសដាណឺម៉ាក និងអតីតទាហាន នៅកងពលអន្តរាគមន៍លេខ៣ កាន់ខាងការិយាល័យ វិស្វកម្មជំនាញកុំព្យូទ័រ ដែលជាអ្នកគ្រប់គ្រងលើបណ្តាឯកសារផ្សេងៗ និងបានបដិសេធចំពោះលោក សម រង្ស៊ី ផងដែរ, ដែលបានលាបពណ៌លើខ្លួនគេថា ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងការបន្តចេញផ្សាយវិដេអូថ្មីលើកនេះ Fresh News នឹងសុំការបំភ្លឺពីខាងក្រសួងការពារជាតិ នៅពេលបន្តិចទៀតនេះ។
សូមជំរាបថា សំណុំរឿងបុរសម្នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនសំណុំរឿងទៅដល់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញហើយ។ សាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ចែងតាមនីតិវិធីច្បាប់។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានអះអាងថា ក្រុមដែលប្រកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការឆក់ឱកាស បង្កចលាចលក្នុងសង្គមប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានលទ្ធភាពតតាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ៕