(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានក្នុងខេត្តគ្រប់ស្ថាប័នទាំងអស់ ដែលបានរាយការណ៍ពីបញ្ហាប្រឈម ផលប៉ះពាល់ នៅក្នុងតំបន់មូលដ្ឋាននីមួយៗ មកកាន់អាជ្ញាធរខេត្ត ដើម្បីធ្វើការសហការ ត្រួតពិនិត្យ ដោះស្រាយឲ្យបានទាន់ពេល។

លោកបន្តថា រាល់ការរាយការណ៍ព័ត៌មានទាំងអស់ អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ហើយលោកជំរុញដល់អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានណាដែលត្រឹមត្រូវ មានប្រភពច្បាស់លាស់ ជៀសវាងមានការយល់ច្រឡំពីសំណាក់មហាជន នឹងអាចប៉ះពាល់ដល់សិទ្ធិបុគ្គល ប្រសិនបើមិនមែនជាការពិត។

លោក សុក ហៃ បន្ថែមថា រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការពង្រឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងឡាយដែលកើតមាន។ រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីពីតំបន់ ៣មកតំបន់២ សរុបប្រមាណជាង៣ម៉ឺនហិចតា ក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់អាស្រ័យផល រយៈពេលយូរឆ្នាំ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបានជំរុញការចុះបញ្ជីធ្វើប័ណ្ណសម្គាល់សិទ្ធិដី ក្នុងតំបន់ពីរទាំងអស់ ខណៈដែលបានសម្គាល់សិទ្ធិនេះសំដៅដល់ការគ្រប់គ្រងប្រើប្រាស់ អាស្រ័យផល តែមិនមានសិទ្ធិចាត់ចែង មិនមានសិទ្ធិលក់ តែអាចផ្ទេរមរតកបាន។

លោកបានសំណូមពរដល់អ្នកសារព័ត៌មាន ចំនួន៣ចំណុចរួមមាន៖

*ទី១៖ អ្នកសារព័ត៌មានដែលហួសសុពលភាព ក្នុងការចុះបញ្ជីសូមបន្តធ្វើការចុះបញ្ជី
*ទី២៖ ត្រូវធ្វើជាកញ្ចក់ក្នុងការជួយផ្ដល់ដំណឹងមកកាន់រដ្ឋបាលខេត្ត
*ទី៣៖ បន្តផ្ដល់ជាព័ត៌មានតាមរយៈឯកជនផ្ទាល់ ក៏ដូចជាតាមរយៈគ្រុបតេឡេក្រាម។

តាមរបាយការណ៍របស់លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បញ្ជាក់ថានេះជាលើកទី៣ហើយ ដែលរដ្ឋបាលខេត្តកំពង់ធំ រៀបចំឲ្យមានការជួបជុំរវាងអ្នកសារព័ត៌មានក្នុងខេត្តក្នុងឆ្នាំ២០២៣ ដោយអ្នកសារព័ត៌មានបានមកចុះបញ្ជី ៨២នាក់ (ស្រី២នាក់) ស្មើនឹង២៣ស្ថាប័ន៕