(បាត់ដំបង)៖ លោក កែវ​ រ៉េមី​ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង នៅព្រឹកថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុង ពិធីកាត់ខ្សែបូសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំកំពង់ព្រៀង​។

ពិធីនេះមានការចូលរួមពីអភិបាលរងស្រុកសង្កែ គណកម្មាធិការបក្សឃុំ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មេប៉ុស្ដិ៍ សកម្មជនយុវជន សមាជិកបក្ស ប្រជាការពារ និងប្រជាពលរដ្ឋ​ សរុប​ ៣០៨នាក់។

អគារថ្មីនៃទីស្នាក់ការគណបក្សឃុំកំពង់ព្រៀង ជាអគារមួយជាន់​ មានកំពស់៨ម៉ែត្រ​ ទទឹង៧,៣០ម៉ែត្រ បណ្តោយ១២,៤០ម៉ែត្រ មានស្លាបសងខាង១ម៉ែត្រ​ សាងសង់ពីបេតុង ប្រក់ក្បឿង​ និងមានឃ្លាំងដាក់សម្ភារៈ​ និងបន្ទប់ដាច់ដោយឡែក។

ការសាងសង់អគារទីស្នាក់ការបក្សថ្មីនេះ ដោយសារអគារចាស់ដែលសាងសង់តាំងពីឆ្នាំ១៩៩៧ មានស្ថានភាពទ្រុឌទ្រោម​ ទំហំតូចចង្អៀត​ លិចទឹក ដែលមិនឆ្លើយតបក្នុងការបំពេញតម្រូវការការងាររបស់គណបក្សឃុំនាពេលបច្ចុប្បន្ន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មាធិការគណបក្សស្រុកសង្កែ​ កាលពីថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣​ ការសាងសង់អគារថ្មីទាំងស្រុងបានចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០២៣​ ដោយមានការចាក់ដីបន្ថែមផងដែរ ហើយ​រហូតមកដល់ពេលនេះសម្រេចបានស្ទើរតែ១០០% ដោយនៅសេសសល់ផ្នែកពិដាន​ បន្ទប់ទឹក​ និងឃ្លាំងតែប៉ុណ្ណោះ។ ការសាងសង់បានចំណាយរយៈពេល​ ៤ខែកន្លះ​ និងថវិកាប្រមាណជិត ៤០,០០០ដុល្លារ។

ការសាងសង់នេះធ្វើឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់​លោក កែវ រ៉េមី​ តាមរយៈគណៈកម្មាធិការគណបក្សឃុំកំពង់ព្រៀង​ ដោយមានការដឹកនាំផ្ទាល់ពីលោក​ ខៀវ​ តុលា​ និងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ព្រៀងទាំងអស់។

ក្នុងឱកាសនោះ​ លោកកែវ​ រ៉េមី​ បានសម្ដែងនូវការដឹងគុណថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្ដេចតេជានាយករដ្ឋមន្ត្រីជាប្រធានបក្ស ដែលបាននាំមកនូវសន្ដិភាពពេញលេញ ទើបកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅថ្ងៃនេះ ដោយមានសមិទ្ធផលធំៗជាច្រើនរបស់រាជរដ្ឋាភិបាល​ រួមទាំងប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ និងនីតិរដ្ឋ។

បន្ថែមពីលើនេះ លោកបានសម្ដែងការសាទរចំពោះសមិទ្ធផលថ្មីរបស់គណបក្សឃុំកំពង់ព្រៀង និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការ​បក្ស​ឃុំ​ ក្រុមការងារ​ និងសមាជិក​ សមាជិកាបក្សទាំងអស់។

លោកបានជម្រាបជូនថា​ កម្ពុជាប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ហើយការគោរពសិទ្ធិមនុស្សគឺឈានមុខគេនៅក្នុងតំបន់។ ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត​ គឺមិនមានការប៉ះពាល់ទៅដល់សិទ្ធិរបស់អ្នកបោះឆ្នោតទេ​ ប៉ុន្តែគឺជាការថែរក្សានូវដំណើរការប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋចូលរួមក្នុងការប្រើសិទ្ធិពេញលេញក្នុងការជ្រើសតំណាងដែលគាត់ពេញចិត្ត។

ជា​កិច្ច​បញ្ចប់​ លោក កែវ រ៉េមី បានផ្ដាំផ្ញើឱ្យមានការចូលរួមថែទាំអគារទីស្នាក់ការបក្សថ្មី ដើម្បីបម្រើជាប្រយោជន៍របស់សមាជិក សមាជិកាបក្សទាំងអស់នៅឃុំកំពង់ព្រៀង ទាំងក្នុងការងារបក្ស និងការអភិវឌ្ឍរីកចម្រើននៅក្នុងឃុំទាំងមូល។

លោក​ក៏បាន​ផ្តាំផ្ញើ​ឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ៕