(ពោធិ៍សាត់)៖ ប្រជាកសិករនៅក្នុងខេត្តពោធិ៍សាត់ បង្កបង្កើនផលស្រូវរដូវវស្សាបាន ៨៤,៩៦៧ហិចតា ស្មើនឹង៨៤,៩៧ភាគរយ គិតត្រឹមដើមរដូវវស្សាឆ្នាំ២០១៦នេះ លើផែនការ ១០០,០០០ហិចតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺកើនជាង១៤.៨១៣ហិចតា នេះបើតាមការបញ្ជាក់របស់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់។
លោក ឡាយ វិសិដ្ឋ បានបញ្ជាក់ថា អំពីលទ្ធផលដែលប្រជាកសិករភ្ជួររាស់ ដកស្ទូង និងដាំដុះដាំណាំផ្សេងៗទៀតថា កសិករភ្ជួររាល់សរុបបាន៩៤,៧៩០ហិចតា ក្នុងនោះភ្ជួរដោយគោក្របី៥៧៩ហិចតា ភ្ជួរដោយត្រាក់ទ័រគោយន្ត៩៤,២១១ហិចតា សាប ១,០៧៨ហិចតា។ ជាមួយគ្នានោះ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរដូវស្សា ដាំដុះសរុបបាន ៣២,៩៥១ហិចតា ស្មើនឹង១៩៦,៦១ភាគរយ លើផែនការ១៦,៧៦០ហិចតា ក្នុងនោះពោត៤,០២៣ហិចតា ដំឡូងមី ២២,៣៩៤ហិចតា ដំឡូងជ្វា២៤ហិចតា បន្លែ៣៦១ហិចតា សណ្តែកបាយ១,១៧៥ហិចតា ឪឡឹក១៣៩ហិចតា សណ្តែកដី១,០៤៥ហិចតា សណ្តែកសៀង១,៧៣១ហិចតា អំពៅ៩៥២ហិចតា ល្ង១,០៨៥ហិចតា និងម្រេច២២ហិចតា។
លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងទៀតថា ស្ថានភាពទឹកភ្លៀង នៅក្នុងសប្តាហ៍មុននេះ ខេត្តពោធិ៍សាត់ ទទួលទឹកភ្លៀងបាន៩៥.៤៨មីលីម៉ែត្រ បូកយោងពីដើមរដូវកំរិតទឹកភ្លៀងវាស់បាន ៤០៧.៩៣មីលីម៉ែត្រ ច្រើនជាងឆ្នាំ២០១៥ ចំនួន៦៨.២១មីលីម៉ែត្រ។ ការធ្វើស្រែរបស់ប្រជាកសិករ ក្នុងរដូវវស្សាឆ្នាំ២០១៦នេះ សរុបសន្ទូង និងពង្រោះ ៨៤,៩៦៧ហិចតា ស្មើនឹង ៨៤,៩៧%។
លោកប្រធានមន្ទីរ ក៏អំពាវនាវ ដល់ប្រជាកសិករទាំងអស់ យកចិត្តទុកដាក់ធ្វើស្រែ កុំឲ្យសល់ដី និងត្រូវធ្វើស្រែ ទៅតាមបទពិសោធន៍ថ្មី ទៅតាមស្ថានភាពដីស្រែ ដូចជាត្រូវស្ទូងញឹក ឬរង្វើល ដើម្បីឲ្យស្រូវបែកគុម្ពល្អ ទទួលបានទិន្នផលខ្ពស់។ ចំណែកស្ថានភាពសត្វគោក្របី បើមានជំងឺរាតត្បាត សូមរាយការមកមន្ទីរកសិកម្មខេត្ត ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យមន្ត្រីពេទ្យសត្វខេត្ត និងស្រុកចុះទៅជួយព្យាបាលឲ្យទាន់ពេលវេលា កុំឲ្យមានការឆ្លងពេញភូមិ ដែលអាចរ៉ាំងស្ទះដល់ការងារបង្កបង្កើនផល៕