(កូរ៉េ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅថ្ងៃទី៣ នៃការអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនាផ្ទះវប្បធម៌អាស៊ាន។

នាឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន បានកោតសរសើរតួនាទីរបស់ផ្ទះវប្បធម៌អាស៊ាន ហើយបានលើកទឹកចិត្តឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងពីអាស៊ាន នៅក្នុងសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានពិសាអាហារការងារថ្ងៃត្រង់ជាមួយលោក Lee Seong-kweun អភិបាលរងក្រុងប៊ូសាន ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។ ភាគីទាំងពីរបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ទីក្រុងប៊ូសាន ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំ និងជាទីក្រុងកំពង់ផែ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញទៅទស្សនាទីតាំងតាំងពិព័រណ៌ទីក្រុងប៊ូសានសម្រាប់ឆ្នាំ២០៣០ ដោយប៊ូសានគឺជាបេក្ខភាពទីក្រុងសម្រាប់ការតាំងពិព័រណ៌ពិភពលោកឆ្នាំ២០៣០។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានជូនពរទីក្រុងប៊ូសានទទួលបានជោគជ័យក្នុងការខិតខំប្រឹងប្រែង នៅក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោករបស់យើង ឆ្ពោះទៅរកអនាគតកាន់តែភ្លឺស្វាង»