(ត្បូងឃ្មុំ)៖ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦១៣នាក់ ស្រី ៣១៥នាក់នៅក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះ មកពីបក្សភ្លើងទៀន៧៩នាក់ និងគណបក្សផ្សេងៗ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយការស្រឡាញ់គាំទ្រ និងស្មោះស្ម័គ្រចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

ដែលពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីនេះធ្វើឡើងនៅ​ស្នាក់​ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែកក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ គណបក្សថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មំ និងឃុំ ជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក វង សូត បានលើកឡើងថាគណបក្សប្រជាជនមិនដែលស្អប់ខ្ពើមគណបក្សដទៃ ឬអ្នកណាមួយធ្លាប់មានជីវភាពនយោបាយនៅក្នុងគណបក្សផ្សេងៗហើយពេលនេះគាត់ស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជន គឺគណបក្សប្រជាជនអបអរសាទរនិងទទួលយកទាំងអស់។

លោក វង សូត ថ្លែងបន្តថាសម្រាប់សមាជិកអតីតមកពីបក្សភ្លើងទៀនពិតជាសំណាងហើយដែលបានមកចូលរួមគាំទ្រជាមួយគណបក្សប្រជាជនព្រោះគណបក្សភ្លើងទៀនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយសារគណបក្សភ្លើងទៀនមិនគោរពច្បាប់ និងមិនបានបំពេញតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។

លោកប្រធានក្រុមការងារ មានប្រសាសន៍ទៀតថាប៉ុន្មានឆ្នាំចុងក្រោយនេះពលរដ្ឋក្រីក្រ និងស្ត្រីមានផ្ទៃពោះដែលមានប័ណ្ណសមធម៌នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ហើយពិសេសនោះគឺទទួលបាននូវប្រាក់ឧបត្ថម្ភថែមទៀតផង ទាំងនេះបង្ហាញថាវិស័យសុខាភិបាលគឺមានការរីកចម្រើនយ៉ាង​ខ្លាំងដោយសារមន្ត្រីសុខាភិបាលយើងគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាគាំទ្រការសម្រាលកូនរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុវត្ថិភាព ដែលនេះបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងជំនឿមកលើគ្រូពេទ្យ។

រដ្ឋមន្ត្រី វង សូត សង្ឃឹមជឿជាក់ថាគណបក្សប្រជាជនយើងនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប នឹងលើសមុនៗសម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង។មានគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏បានរួមចំណែកយ៉ាងសំខាន់ដល់ សុខមាលភាពប្រជាពលរដ្ឋ ជា ពិសេសសម្រាប់ការកសាងជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង។ហើយអ្វីដែលរាជរដ្ឋាភិបាលរបស់យើងបានកំណត់អំពីចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០ ឈានដល់សេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ ហើយនៅ​ឆ្នាំ២០៥០ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕