(សៀមរាប)៖ ប្រជាពលរដ្ឋ៨៣០នាក់ ជាតំណាងគ្រួសារបក្សប្រជាជនកម្ពុជា បានអញ្ជើញមកជួបជុំគ្នាដើម្បីចូលរួមពិធីសំណេះសំណាលមួយបានរៀបចំឡើងនៅឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ និងភរិយា អមដំណើរជាមួយលោកបណ្ឌិត ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ លោកគិម វណ្ណៈ ប្រធានគណ:កម្មាធិការគណបក្សស្រុក សមាជិក ក្រុមការងារចុះជួយឃុំខ្នារពោធិ និងអាជ្ញាធរភូមិ ឃុំ បានចូលរួមយ៉ាងកុះករក្រោមបរិយាកាសរីករាយ។

បន្ទាប់ពីអានរបាយការណ៍ពីគណៈកម្មាធិការគណបក្សឃុំ និងស្រុករួចមក លោកបណ្ឌិត សឹង សំណាង បានថ្លែងរំលឹកពីការតស៊ូយកជិវិតទៅប្ដូរនឹងការវាយរំដោះប្រជាជន ឲ្យរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃរបស់ពួក ប៉ុល ពត ហើយបាននាំមកនូវសិទ្ធិរស់នៅ សិទ្ធិរៀនសូត្រ ដែលផ្ទុយពីការឃោសនាកុហកបោកប្រាស់ពីបណ្តាញឃោសនារបស់ពួកក្បត់បីជំនាន់។

លោកបណ្ឌិត បានបន្ដទៀតថា ពិតណាស់ហើយសន្តិភាពដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដែលបានគិតគូរដល់កាអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពរស់នៅបានល្អប្រសើរ។

ស្ថានភាពកម្ពុជា នាពេលបច្ចុប្បន្នមានសុខសន្តិភាពបានកំពុងវិវឌ្ឍន៍ផ្ទុយពីស្ថានភាព នៅតាមបណ្តាប្រទេសជាច្រើនដែលកំពុងប្រឈមនឹងសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ប៉ុន្តែអ្វីដែលកើតឡើងនៅកម្ពុជា និងនិយាយដោយឡែក នៅឃុំខ្នារពោធិនៅពេលដ៏ខ្លីខាងមុខនេះ ផ្លូវលំមួយខ្សែមានប្រវែង១៨.៥០ គីឡូម៉ែត្រ នឹងបើកការដ្ឋានចាក់កៅស៊ូ ដែលជាការតភ្ជាប់សហគមន៍ខ្នារពោធិ ដែលជាហេដ្ឋារចនាសម្ព៍ន្ធថ្មី ផ្តល់ក្តីសង្ឃឹម និងលើកដម្កើនជីវភាពកាន់តែល្អប្រសើរ តាមរយៈនាំយកអ្នកទេសចរមកកាន់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ (ព្រៃកោងកាងទឹកសាប) ជាតំបន់ព្រៃកោងកាង ក្នុងតំបន់ទឹកសាប។

លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា ពេលប្រទេសកម្ពុជា បានជួបនឹងគ្រោះដ៏ធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ សម្តេចតេជោ បានខិតខំស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនគ្រប់ៗគ្នា រហូតប្រទេសបានបើកឡើងវិញ និងប្រជាពលរដ្ឋបានរួចរស់ពីការឆ្លងកូវីដ១៩ កត្តានេះហើយយើងត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះដើម្បីជ្រើសរើសអ្នកដឹកនាំដែលនាំមកនូវសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ។

សំខាន់ជាងនេះប្រជាពលរដ្ឋឃុំខ្នារពោធិ ត្រូវបំពេញសិទ្ធិឲ្យបានត្រឹមត្រូវក្នុងការអញ្ជើញទៅបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យ។ ការអញ្ជើញទៅបោះឆ្នោត ជាការបង្ហាញពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការបោះឆ្នោតជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ដើម្បីជ្រើសយកសុខសន្តិភាព និងការរីកចម្រើនតាមរយៈការផ្តល់ជំនឿជឿជាក់លើគណបក្សប្រជាជនកម្ពុជា៕