(វ៉ាស៊ីនតោន)៖ បុរសជនជាតិអាមេរិក ៣នាក់រស់នៅក្នុងរដ្ឋផ្លូរីដា ភាគខាងត្បូងសហរដ្ឋអាមេរិកត្រូវបាន ចាប់ខ្លួន និងចោទប្រកាន់ពីបទចូលរួមជាមួយបណ្តាញភេរវករក្រុម ISIS និងការរៀបគំរោងវាយប្រហារ សេតវិមានដែលជាកន្លែងរបស់ប្រធានាធិបតីថែមទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។
បុរសទាំង៣នាក់ខាងលើនេះ រស់នៅក្នុងសង្កាត់ Palm Beach ជាទីកន្លែងដែលប៉ូលិសបានរកឃើញថា ពួកគេបានព្យាយាមរៀបចំគំរោង បញ្ជូនជំនួយ និងគ្រឿងសម្ភារៈនានា ដើម្បីជួយឧបត្ថមគាំទ្រដល់ ក្រុម ISIS ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ភស្តុតាងផ្សេងទៀតដែលត្រូវបានបង្ហាញដោយ ប៉ូលិសស៊ើបអង្កេតសហព័ន្ធនោះបង្ហាញថា ពួកគេទាំង៣នាក់ក៏មានគំរោងទៅចូលរួមជាកម្លាំងជាមួយ ISIS នៅក្នុងទឹកដីស៊ីរីផងដែរ ហើយដែលវាបានកើតមានឡើងតាំងពីឆ្នាំ ២០១៥មកម្ល៉េះ។
ប្រការនេះបាននាំឲ្យសមត្ថកិច្ចធ្វើការសន្និដ្ឋាន ចំពោះទំនាក់ទំនងគ្នាជាប្រព័ន្ធនៃក្រុមដែលមានទំនោរ គាំទ្រ ISIS និងការកើតមានការវាយប្រហារនៅទីក្រុង Orlando រដ្ឋផ្លូរីដា និង San Bernardiono រដ្ឋកាលីហ្វរញ៉ា កាលពីខែមុនដែលបានសម្លាប់មនុស្សរាប់សិបនាក់ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃការវាយប្រហារប្រដាប់អាវុធនៅក្នុងសហរដ្ឋអាមេរិក៕