(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយក្នុងន័យបដិសេធចំពោះការផ្សាយរបស់សារព័ត៌មាន «សារព័ត៌មាន ជីវិត និងកីឡា Lives» ដែលបានផ្សាយព័ត៌មានទាំងគ្មានមូលដ្ឋានច្បាស់លាស់ «ជុំវិញមូលហេតុដែលរដ្ឋបាលខេត្តប៉ៃលិនមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង»

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋបាលខេត្តប៉ៃលិនបានបំភ្លឺជូនថា កន្លងមក ក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនបានបកស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន «ជីវិត និងកីឡា Lives» រួចមកហើយ។ ជាក់ស្តែង អង្គភាពសារព័ត៌មានខាងលើនេះនៅតែបន្តចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គឺបានចុះផ្សាយដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន។

ពាក់ព័ន្ធនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិនបានចេញបដិសេធច្រានចោលទាំងស្រុងរាល់ការចុះផ្សាយចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី៨ ព្រោះខ្លឹមសារដែលក្រុមមេធាវី និងអ្នកនាំពាក្យរដ្ឋបាលខេត្តបានបំភ្លឺកន្លងមក បែរជាសារព័ត៌មានខាងលើនៅតែបន្តការចុះផ្សាយ និងមិនព្រមកែតម្រូវអំពីខ្លឹមសារដែលខ្លួនបានចុះផ្សាយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តក៏បានបំភឺ្លសាជាថ្មីដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយទំនាក់ទំនងសង្គម អំពីមូលហេតុដែលរដ្ឋបាលខេត្តមិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង៖

១. រដ្ឋបាលខេត្តប៉ៃលិនបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋស្នើសុំជួយអន្តរាគមន៍ឱ្យម្ចាស់កម្មសិទ្ធិដីសាងសង់នេះ បើកផ្លូវសាធារណៈតាមគម្រោងរបស់អាជ្ញាធរបានកំណត់ទំហំ១០ម៉ែត្រ ដែលម្ចាស់កម្មសិទ្ធិខាងលើបានរំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋទំហំ៧ម៉ែត្រ។

២. ម្ចាស់សំណង់ធ្វើការសាងសង់មុនពេលស្នើសុំច្បាប់ពីរដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ហើយរដ្ឋបាលខេត្តក៏បានចេញលិខិតហាមឃាត់ម្ចាស់សំណង់ឱ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ផ្ទុយទៅវិញ ម្ចាស់សំណង់នៅតែបន្តសាងសង់ទាំងបំពាន។

៣. លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង គឺជាម្ចាស់កម្មសិទ្ធិដី និងជាអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែបែរជាមានឈ្មោះ រឿន បុរី ជាអ្នកប្ដឹងរដ្ឋបាលខេត្តទៅវិញ។ រឿងនេះក៏បង្ហាញពីភាពមិនប្រក្រតី និងមិនសមហេតុផលនោះដែរ។

ផ្អែកតាមហេតុផលគោលទាំង៣ចំណុចខាងលើ រដ្ឋបាលខេត្តប៉ៃលិនមិនអាចចេញច្បាប់អនុញ្ញាតសាងសង់ជូនបានឡើយ ដោយរដ្ឋបាលខេត្តកំពុងពិនិត្យស្រាវជ្រាវតាមជំនាញពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយអនុវត្តតាមនីតិវិធីច្បាប់៕