(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកា បក្សប្រជាជនកម្ពុជា និងក្រុមការងារសរុបចំនួន ១,០០០នាក់។
ក្នុងឱកាសជួបសំណេះសំណាលនោះលោក ស ថេត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីទាំងមូល ក៏ដូចជាការផ្តាំសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ជាមួយគ្នានេះ ស ថេត បានអំពាវនាវឲ្យបងប្អូនសមាជិកសមាជិកា អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរក្សាការពារឲ្យបាននូវសន្តិភាព ស្របពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញតឱ្យឈប់ចំនួនបីថ្ងៃ។
លោក ស ថេត បានបន្តថ្លែងថា ការសម្រេចចិត្តបោះឆ្នោតជូនគណបក្សដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីបានបន្តបំពេញភារកិច្ច បម្រើដល់បងប្អូនប្រជាពលរដ្ឋ ធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់ ។
ជាមួយនេះដែរ លោក ស ថេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ទាក់ទាញនូវអ្នកវិយោគជាតិ អន្តរជាតិយ៉ាងច្រើន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសទៅទៀតអ្វីដែលជាមោទនភាពសម្រាប់កម្ពុជា គឺការធ្វើជា
ម្ចាស់ផ្ទះសម្រាប់កិច្ខប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេសទៅទៀត គឺជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានយ៉ាងជោគជ័យ ទាំងនេះជាការស្តែងឲ្យឃើញថាច្បាស់ថាកម្ពុជា យើងមានសន្តិភាព ស្ថិរភាព ពិតប្រាកដ៕