(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតធ្វើជាអ្នកលក់ និងចែកពងមាន់អាំងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារស្ទឹងសែន ខេត្តកំពង់ធំ ខណៈសម្តេចតេជោ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានឡើងជិះលើម៉ូតូរបស់អ្នកលក់ពងមាន់អាំងម្នាក់ ហើយបានពាក់មួកសុវត្ថិភាពជាមួយផង ធ្វើត្រាប់ដូចជាអ្នកលក់ ពងមាន់អាំង អមជាមួយនឹងសំលេងអំពាវនាវថា «ពងមាន់អាំងផ្សំគ្រឿងពិសេស»។
ក្រៅពីការជិះម៉ូតូលក់ពងមាន់អាំងនេះ សម្តេចតេជោ ក៏បានទិញពងមាន់អាំងរបស់អ្នកលក់នោះ ចែកជូនក្មេងៗ និងប្រជាពលរដ្ឋនៅទីនោះផងដែរ។
នេះគឺជាសកម្មភាពចូលរួមយ៉ាងសាមញ្ញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារ ស្ទឹងសែន ខេត្តកំពង់ធំ។ ការចូលរួមបែបនេះ ទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ៕