(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ប្រជាជនកម្ពុជាមានភាពសម្បូរសប្បាយ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃកំណើតទីពីរ ដែលសម្តេចតេជោ ហ៊ុន សែន យកមកដោយលំបាក ដូច្នេះប្រជាជនមិនត្រូវភ្លេចគុណបំណាច់របស់សម្តេចតេជោនោះឡើយ។

លើកបញ្ជាក់យ៉ាងដូច្នេះក្នុងពេលលោកអភិបាលខេត្ត ម៉ៅ ធនិន បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ មកពីឃុំចំនួន១០ឃុំ ក្នុងស្រុកកំពង់ត្រាច ដើម្បីស្វែងយល់ និងបានដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋទៅតាមយន្តការរបស់រាជរដ្ឋាភិបាល។

ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើឡើងក្នុងបរិវេណវត្តអង្គជុំព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច និងទីតាំងទី២ ធ្វើឡើងក្នុងបរិវេណវត្តក្នុងវត្តកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា ប្រទេសកម្ពុជាក្រោយពីសម្តេចតេជោ ហ៊ុន សែន បាននាំយកមកនូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះ សម្តេចក៏បានបន្តផ្តល់នូវអ្វីៗគ្រប់យ៉ាង សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍ។ ប្រជាជនទាំងអស់គ្នាបានរួសរានមានជីវិតសារជាថ្មី និងបង្កើតបានជាគ្រួសារជំនាន់ក្រោយៗ ដែលពោពេញទៅដោយភាពសុខសាន្ត គឺដោយសារតែយើងមានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ដែលសម្តេចតេជោបានយកមកដោយការលះបង់គ្រប់បែបយ៉ាង និងផ្តល់ឱ្យយើងគ្រប់គ្នា ដូច្នេះយើងមិនត្រូវបំភ្លេចនូវគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោបានទេ។

លោកអភិបាលខេត្តក៏បានក្រើនរំលឹក ក៏ដូចជាឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីឱ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ពិសេសតបស្នងសងគុណសម្តេចតេជោ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕