(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។
នាឱកាសនោះលោក បោន ប៊ិន ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹក។
លោក បោន ប៊ិន បានបន្តថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់ បើកទូលាយទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយផ្អែកលើសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងនិន្នាការនៃសកលលោក។
លោកបន្តទៀតថា ក្នុងរយៈពេល៧២ឆ្នាំមកនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅ ផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរភាព ជាពិសេសបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ការការពារជាតិ ស្តារ និងកសាងប្រទេសឡើងវិញ ការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។
នាឱកាសនោះដែរលោក បោន ប៊ិន ក៏បានផ្តល់សារុងសរុបចំនួន២១,៤៩០សារុ ជូនដល់ឃុំទាំង៦ ដើម្បីផ្តល់ជូនដល់សមាជិកបក្សនៅមូលដ្ឋានទាំង៥៩ភូមិ ទូទាំងស្រុកភ្នំស្រុក ថែមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ៦លានរៀល សម្រាប់៦ឃុំផងដែរ៕