(សៀមរាប)៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប ក្នុងនោះមាន មន្ត្រីរាជការចំនួន៥៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែង អភិបាលរងក្រុង/ស្រុកចំនួន ៤៣នាក់ និងយករដ្ឋបាលសាលាក្រុង ស្រុកចំនួន ១០នាក់ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
ពិធីនេះដែរ ក្រោមអធិបតីភាពពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនចូលរួមផងដែរ។
លោក ទៀ សីហា បានលើកឡើងថា លោក លោកស្រីដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងនាពេលនេះ គឺសុទ្ធសឹងតែជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក សំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរក្នុងការឆ្លើយតបបានទាន់ពេលវេលា នៅតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមរគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
លោក ទៀ សីហា បានបង្ហាញការសាទរចំពោះលោកអភិបាលទាំងអស់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលសាលាក្រុង ស្រុកនាពេលនេះ។ លោកក៏បានជំរុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួន ឲ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានក្រុង ស្រុកនីមួយៗ គឺមានការងារជាច្រើនត្រូវដោះស្រាយ និងត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខ ដែលផ្ទុយពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។
លោក ទៀ សីហា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវព្យាយាមកសាងសមិទ្ធផលថ្មីៗនៅក្នុងមូលដ្ឋានបន្ថែមទៀត ជាពិសេសការផ្តល់សេវារដ្ឋបាលសាធាររណៈនៅតាមឃុំសង្កាត់នីមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាពីអាជ្ញាធរ បានលឿន និងទាន់ពេលវេលា។ លោកក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលសាលាក្រុង ស្រុក ដែលទើបប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែង ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកក៏បានស្នើរដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវខិតខំពង្រឹង និងទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការ សាលាក្រុង ស្រុកបង្កើនសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង។
លោកបន្តទៀតថា ត្រូវខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ ព្រមទាំងត្រូវមានកិច្ចសហការល្អជាមួយ អង្គការសង្គមស៊ីវិលនិងដៃគួរអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន និងជម្រុញដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើការកែប្រែសោភណ្ឌភាពនៅតាមបណ្តាក្រុង ស្រុកគោលដៅលើការដាំដុះដើមឈើ ឲ្យក្លាយជាជម្របបៃតងក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ផងដែរ។
លោកបានបញ្ជាក់ថា អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបបង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានទៅកាន់គ្រប់ការិយាល័យបោះឆ្នោត ព្រមទាំងធ្វើការលើកកម្ពស់ការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ដោយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាមួយនេះដែរ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕